Connect with us

ព័ត៌មានទាន់ហេតុការណ៍

មុនជំនួបជាមួយ NATOរុស្ស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរព្រំដែនអ៊ុយក្រែន ទុកជាការព្រមាន

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជាមួយការដាក់ពង្រាយរថក្រោះ និងកងទ័ពរាប់ពាន់នាក់នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ដែល នេះទំនងជាសារព្រមានមួយ នៅមុនជំនួបជាមួយអង្គការ NATO ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដែលអង្គភាពកម្ពុជាសន្តិភាពទទួលបាននៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

គួររំលឹកថាកងទ័ពរុស្ស៊ីជាង ៣,០០០នាក់ បានចូលរួមនៅក្នុងសមយុទ្ធបាញ់គ្រាប់ពិតខាងលើ ដែលទំនងចង់បង្ហាញកម្លាំងឬជាការព្រមានដល់ក្រុមប្រទេស NATO ដែលសមយុទ្ធនេះបានធ្វើនៅក្នុងតំបន់ចំនួន៤ ស្ថិតនៅភាគនិរតីនៃប្រទេស ក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ សមយុទ្ធយោធានេះទៀតសោត កើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេស្កូវ (Dmitry Peskov) បាននិយាយថាវាជារឿងវិជ្ជមានដែល ជំនួបរវាងក្រុមមន្ត្រីអាមេរិក និងរុស្ស៊ី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងទីក្រុងហ្សឺណែវ បានប្រព្រឹត្តទៅដោយបើកចំហ និងដោយផ្ទាល់។ ប៉ុន្តែលោកផ្ទាល់ថា មើលឃើញទាល់តែសោះនូវគំនិតសុទិដ្ឋិនិយម ដ្បិតខាងភាគីរុស្ស៊ីចង់បានលទ្ធផលភ្លាមៗតែដៃគូរសន្ទនាព្យាយាមពន្យាពេលទៅវិញ។

មន្រ្តីដដែលបានលោកបន្ថែមថាស្ថានភាពសព្វថ្ងៃនឹងបង្ហាញកាន់តែច្បាស់ បន្ទាប់ពីជំនួបរវាងរុស្ស៊ី និងអង្គការ NATO ក្នុងទីក្រុងព្រុចសែល នៅថ្ងៃពុធនេះព្រមទាំងជំនួបជាមួយ អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) ក្នុងទីក្រុងវីយ្យែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះផងដែរ។

សុមបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាខាងលើរបស់រុស្ស៊ី ត្រូវបានក្រុមមន្ត្រីអឺរ៉ុបបកស្រាយថារុស្ស៊ី មិនមានចេតនាពិតប្រាកដ ក្នុងការបន្ធូរបន្ថយភាពតានតឹងយោធា ជាមួយប្លុកលោកខាងលិចនោះទេ ស្របពេលរុស្ស៊ី និងអាមេរិក ហាក់ដូចជាបានទាមទារ និងដាក់សំណើដែលមើលទៅមិនអាចទៅរួចលើគ្នាទៅវិញទៅមក ក្នុងនោះ រួមមានទាំងការស្នើឱ្យ NATO បញ្ឈប់ការបង្កើនវត្តមានយោធាក្នុងតំបន់អឺរ៉ុបជាដើមដែលនេះជាអ្វីដែលអឺរ៉ុបមិនអាចទទួលយកបាននោះទេ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook