Connect with us

ចំណេះដឹង-អប់រំ

ប្រវត្តិភ្នំព្រះ ស្ថិតនៅឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ភ្នំ​ព្រះ​គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​អ្នក​ក្នុងស្រុក និង​ក្រៅ​ស្រុក តែងតែ​ទៅ​ធ្វើបុណ្យ​មិន​ដែល​ខាន ដោយសារ​តែ​ពួក​គាត់​មាន​ជំនឿ​ថា ភ្នំ​នេះ​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ  ម្យ៉ាង​ទៀត ​ភ្នំ​ព្រះ​មាន​រូង​ជា​ច្រើន ដែល​រូង នីមួយ​ៗ​មាន​ព្រះ​ចាប់ពី​៣​អង្គ​ទៅ​៥​អង្គ    តែ​ភាគច្រើន​គេ​ចូល​ចិត្ត​ធ្វើបុណ្យ​នៅ​រូង​ព្រះដែលមានព្រះ​៥​អង្គ ។

 ភ្នំ​ព្រះ​ពី​ដើម​មានឈ្មោះ​ថា   «​ភ្នំ​បះជើង​»   តែ​ដោយសារ​ប្រជាពលរដ្ឋ​បានឃើញ​ទីនោះ​សំបូរ​ព្រះ      និង​នៅ​សម័យ​ខ្មែរ​ច្បាំង​ជាមួយ​សៀម ម្នាក់​ៗ​ក៏​ចេះ​តែ​នាំ​គ្នា​យក​ព្រះ​ទៅ​លាក់​ទុក​ក្នុង​រូងភ្នំ​បះជើង​នោះ       លុះ​ចំណេរ​ក្រោយមក​ក៏​ហៅ​ភ្នំ​លាក់​ព្រះ តែ ក្រោយ​ៗ​មក​ទៀត​ហៅ​ត្រឹម «​ភ្នំ​ព្រះ​ៗ» រហូត​បច្ចុប្បន្ន   រីឯ​រឿង​រ៉ា​វ​ទាក់ទង​នឹង​ព្រះបាទ​ត្រសក់ផ្អែម​ទំនងជា​មាន​ប្រវត្តិ​មែន នៅ​ជើងភ្នំ​ព្រះ​បច្ចុប្បន្ន​មាន​វត្ត​មួយ​ឈ្មោះ  «​វត្ត​ភ្នំ​ព្រះ​»      មាន​ពុទ្ធបរិស័ទ​ច្រើន​ទៅ​ធ្វើបុណ្យ​នៅ​ទីនោះ   ហើយ​នៅ​ទិស​ខាងកើត​មាន​ព្រះពុទ្ធ​បដិមា​មួយ​អង្គ​សាង​ឡើង​នៅ​ជិត​ជើងភ្នំ បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ខាងកើត ។

  ភ្នំ​ព្រះ​មាន​ខ្យល់អាកាស​បរិសុទ្ធ   ​គួរ​ឱ្យ​ចង់ទៅ​សម្រាកលំហែ ដោយ​មាន​ដើមឈើ ធំ​ៗ​ម្លប់​ត្រឈឹងត្រឈៃ ជា​ពិសេស​បើ​មាន​អ្នកទេសចរ​ទៅ​កម្សាន្ត​នៅ​ទីនោះ    គេ​តែង​ឃើញ​ហ្វូង​សត្វ​ស្វា​ចុះ​ទទួល​ស្វាគមន៍​រង់ចាំ​បោះ​ចំណី​ឱ្យ​វា​ស៊ី    ទាក់ទិននិង​ភ្នំ​ព្រះនោះ មានរឿង​តំណាល​ថា កាល​ពញា​ជ័យ  និង​ពញា​សួ​ស​ជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ទិសនិរតី​នៃ​ភ្នំ​ប្រសិទ្ធិ   អ្នក​ទាំង​ពីរ​រកស៊ី​ទទួលទាន​ដោយ​ធ្វើ​ចម្ការ​ដាំ  ត្រសក់  ក្រោយ​ពេលទំនេរ​ពី​ការងារ​ធ្វើ​ចម្ការ   ពួក​គាត់​តែង​នាំ​អ្នកស្រុក​លេងល្បែង   របាំ​ប្រពៃណី​ជា​ការ​កម្សាន្ត​មិន​ដែល​ខាន      សម័យ​ថ្ងៃមួយ​ពីរ​នាក់​បងប្អូន​បាន​ដំណឹង​ថា ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​សាង​ប្រាសាទ​មួយ​ក្បែរ​ភ្នំ​ប្រសិទ្ធិ ក៏​បេះ​ត្រសក់ និង​នាំ​ល្បែង​របាំ​ទៅ​លេង​ថ្វាយ​ជា រឿយ​ៗ ព្រះករុណា​សព្វព្រះរាជហឫទ័យ​ណាស់    ហើយ​ចូល​ចិត្ត​ត្រសក់​របស់​គាត់​ណាស់​ដែរ     ថ្ងៃមួយ​ព្រះរាជា​មាន​ព្រះរាជ​បន្ទូល​ថា ត្រសក់​ដែល​ពញា​ជ័យនិង​ពញា​សួ​ស​ដាំ​មានឱជារស​ផ្អែម​ឆ្ងាញ់​ណាស់ ទ្រង់​បាន​ហាម​មិន​ឱ្យ​លក់ដូរ​ឱ្យ​អ្នក​ណា​ទេ គឺ​ទុក​ធ្វើ​ជា​តង្វាយព្រះ​អង្គ​ប៉ុណ្ណោះ ។

    ចំណេរ​កាល​ក្រោយមក មាន​ក្របី​អ្នកស្រុក​ម្នាក់​ទម្លាយ​របងចម្ការ​ត្រសក់​របស់​ពញា​ជ័យ     និង​      ពញា​សួ​ស ហើយ​ចូល​ជាន់​ត្រសក់​របស់​ពួក​គាត់​ខូច​អស់​ជា​ច្រើន     ពញា​ជ័យ​ឃើញ​ដូច្នោះ​ក៏​យក​ដុំ​ថ្ម​ចង្ក្រាន​  ចោល​ដើម្បី​ដេញ​បង្អើល​ក្របី​នោះ​ឱ្យ​ចេញពី​ចម្ការ   ដុំ​ថ្ម​នោះរ​ត់ទៅ​ត្រូវ​ក្របី​នោះ​ងាប់​ភ្លាម​មួយ​រំពេច  ម្ចាស់​ក្របី​ប្តឹង​ដល់​ចៅក្រម​ទាំងឡាយ​អំពី​រឿង         ​ពញា​ជ័យ​សម្លាប់​ក្របី​របស់​ខ្លួន  គ្រប់​ចៅក្រម​សុទ្ធតែ​កាត់ក្តី​ឱ្យ​ពញា​ជ័យ​សង​ក្របី​ទៅ​ម្ចាស់​ក្របី​វិញ ពញា​ជ័យ​មិន​សុខចិត្ត​ដ្បិតថា កាល​ខ្លួន​ចោល​ក្របី​នឹង​ដុំ​ចង្ក្រាន​នោះ​ខ្លួន​គ្មាន​បំណង​ធ្វើ​ឱ្យ​វា​ងាប់​ទេ គឺ​ចោល​គ្រាន់តែ​បង្អើល​ប៉ុណ្ណោះ  ចៅក្រម​កាត់សេចក្តី​មិន​ដាច់ស្រេច ក៏​នាំ​សេចក្តី​ទៅ​ដល់​សេនាបតី  សេនាបតី​កាត់​មិន​ដាច់​ទៀត ទើប​នាំ​ម្ចាស់​ក្របី      និង​ពញា​សួ​ស​ឡើង​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះរាជា​ដើម្បី​ឱ្យ​ទ្រង់​ជួយ​ព្រះរាជ​វិនិច្ឆ័យ​ឱ្យ  ព្រះរាជា​ឱ្យ​យក​ដុំ​ថ្ម​ចង្ក្រាន​នោះ​ចោល​ក្របី​ឯទៀត ជា​ការសាក​ល្បងមើល  កាល​ពញា​ជ័យ​ចោល​ទៅ​ក្របី​ណា ក្របី​នោះ​ក៏​ធ្លាយ​ពោះ​នឹង​ដុំ​ថ្ម​ងាប់​ទាំងអស់​មែន​។

     ព្រះរាជា​ទ្រង់​ពិសោធន៍​ឃើញ​យ៉ាង​នោះ  ​ហើយ​ក៏​ទ្រង់​កាត់សេចក្តី​ថា        ក្របី​នោះ​ងាប់​ដោយ​ពញា​ជ័យ​មិន​មានចិត្ត​ចង់​សម្លាប់​ទេ ពីព្រោះ​ពញា​ជ័យ​មិន​បានដឹង​ថា​ថ្ម​នោះ​ជា​ដែក​កាយ​សិទ្ធិ​ទេ ស្មានថា​ដុំ​ថ្ម​ធម្មតា​បានជា​ចោល​ទៅ​ត្រូវ​ងាប់​ដូច្នេះ ព្រះរាជា​ទ្រង់​វិនិច្ឆ័យ​ថា      «​ក្របី​ដែល​ងាប់​ទុកជា​កម្ម​របស់​សត្វ​ចុះ យើង​នឹង​យកទោស​ពញា​ជ័យ​មិន​បាន​ទេ​»      ទើប​ទ្រង់​ឱ្យ​ពួក​ជាង​យក​ដុំ​ថ្ម​ចង្ក្រាន​នោះ​ទៅ​រំលាយ​មើល     ពេល​ជាង​រំលាយ​ឃើញ​ថា ថ្ម​នោះ​ជា​ដែក​កាយ​សិទ្ធិ​ពិតមែន ទើប​ទ្រង់​ព្រះ​បង្គាប់​ឱ្យ​ជាង​យក​ដុំ​ដែក​នោះ​ទៅ​ផែ​ធ្វើ​ជា​លំពែង​មួយ      ហើយ​ទ្រង់​ប្រគល់​ឱ្យ​ពញា​ជ័យ​កាន់​លំពែង​នោះ​រក្សា​ចម្ការ​ត្រសក់​ទុកជា​ដីចម្ការ​លួង ។ ឯ​លំពែង​នោះ​សន្មត​ថា ជា​លំពែង​ជ័យ ។

   ព្រះ​បរមបពិត្រ​ទ្រង់មាន​ព្រះរាជ​ហឫទ័យ​សង្ស័យ​ថា    ពញា​ជ័យ ពញា​សួ​ស​ដាំ​ត្រសក់​នោះ​សម្រាប់​ទុក​តែ​ជា​តង្វាយ​ទេ ឬ​មួយ​ក៏​គាត់​លប​ដាំ​ឱ្យ​អ្នក​ផ្សេង​ខ្លះ​ដែរ ។ កាល​ទ្រង់​ព្រះ​តម្រិះ​យ៉ាង​ដូច្នេះ ហើយ​វេលា​យប់​ស្ងាត់់​ក៏​ត្រាស់​ហៅ​មនុស្ស​ស្និទ្ធ​ព្រះ​អង្គ​ប្រាំពីរ​នាក់​ឱ្យ​រៀបចំ​សេះ​លឿន​បំផុត​ថ្វាយ​ទ្រង់​គង់​តម្រង់​ទៅ​ចម្ការ ត្រសក់ ។ ដល់​ហើយ​ស្តេច​យាងចុះ​ពីលើ​ខ្នង​សេះ​លប​ទៅ​ពួន​គុ​ម្ពោ​ធ​មួយ​នៅ​កណ្តាល​ចម្ការ ហើយ​ទ្រង់​គង់​ចាំ​មើល​ពញា​ជ័យ និង​ពញា​សួ​ស​ក្រែង​មានពុត​លប​លក់​ត្រសក់​នោះ ។

 ក្នុង​ពេល​រាត្រី​នោះ ពញា​ជ័យ​កំពុង​មើល​មហោស្រព​ដូច​ធម្មតា ជួន​ជា​ក្រឡេក​ទៅ​ឃើញ​មនុស្ស​ចូល​ក្នុង​ចម្ការ​របស់​គាត់ ក៏​ចាប់​លំពែង​ជ័យ​នោះ​គប់​សំដៅ​ស្រមោល​មនុស្ស​ដែល​កំពុង​លប​នោះ ដោយ​ពុំ​បានដឹង​ថា មនុស្ស​នោះ​គឺ​ព្រះរាជា​ឡើយ ។ ខណៈនោះ​លំពែង​ជ័យ​ក៏​ត្រូវ​ចំ​ព្រះរាជា​បណ្តាល​ឱ្យ​ទ្រង់​សុគត​នៅ​ជើង​ដំបូក​ក្នុង​ចម្ការ​នោះ​ទៅ ។

    ក្រោយ​ព្រះរាជា​សុគត ក្រុម​សេនា​អា​មាត្រ​បាន​រៀបចំ​ធ្វើ​ព្រះរាជ​ពិធីបុណ្យ​ថ្វាយ​ព្រះ​សព​រួច​ហើយ ក៏​តាំង​ជំនុំ​គ្នា​ថា ព្រះរាជា​មាន​បុត្រ​មួយ​ព្រះ​អង្គ ​     តែ​ព្រះ​កុមារ​សុគត​នៅ​ស្រុក​លាវ មុន​បិតា​បាត់​ទៅ​ហើយ      លុះ​ជំនុំ​វែង​ឆ្ងាយ​ទៅ​មន្ត្រី​ទាំងពួង​យល់​ឃើញ​ថា  ពញា​ជ័យ​និង​ពញា​សួ​សទាំង​ពីរ​នាក់​នេះ​អាយុ​ក៏​វែង (​ពញា​ជ័យ​៤៥០​ឆ្នាំ​ពញា​សួ​ស​៣៥០​ឆ្នាំ​) ហើយ​អាវុធ​របស់​គាត់​នោះ​ក៏​មុត​ក្រៃ​លែង     លើស​អាវុធ​របស់​ជន​ទាំងឡាយ​ មិនតែប៉ុណ្ណោះ​សោត​គាត់​ក៏​ជាប់​ពូជពង្ស​ក្នុង​រាជត្រកូល​ដែរ ហើយ​បណ្តា​ប្រជានុរាស្ត្រ​ក៏​គោរព​ស្រឡាញ់​មិន​ថា​អ្នកស្រុក​ជិត ឬ​ឆ្ងាយ​នោះ​ទេ   ​   ហើយ​ក៏​រៀបចំ​ក្បួន​ដង្ហែ​ព្រះមហាក្សត្រ   ​ទៅ​អញ្ជើញ​ពញា​ជ័យ    និង​ពញា​សួ​ស   ​ឱ្យទៅ​សោយរាជ្យ​តំណ​ប្រយូ​វង្ស   គ្រានោះ​ព្រះ​អង្គ​ទាំង​ពីរ​ព្រះ​អង្គ  ​ប្រកែក​មិន​ព្រម​ទេ ដោយ​ស្តាយ​បក្សពួក      និង​ល្បែង​របាំ​មហោស្រព​ទាំងឡាយ  ពេល​នោះ​មន្ត្រី​ទាំងឡាយ  ​ក៏​យល់​អំពី​ព្រះរាជ​ហឫទ័យ​ក៏​ក្រាបទូល​ថា     សូម​ឱ្យ​តែ​ព្រះ​អង្គ​ទ្រង់​ព្រម​ទទួល​សោយរាជ្យ​ចុះ​ពួក​ខ្លួន​ទាំងអស់​គ្នា     នឹង​នាំ​ប្រដាប់​ល្បែង​មហោស្រព​ទាំង​ប៉ុន្មាន​យក​ទៅ​ទុក​ក្នុង​ព្រះ​នគរ​សម្រាប់​លេង​ថ្វាយ​រាល់ថ្ងៃ      ទាំង​ពីរ​ព្រះ​អង្គ​ក៏​ព្រម​ទទួល​ដោយ​ពញា​ជ័យ​គ្រងរាជ្យ​ជា​ស្តេច       រីឯ​ពញា​សួ​ស​ធ្វើ​ជា​ឧបរាជ កាលបើ​ពញា​ជ័យ​បាន​ឡើង​គ្រងរាជ្យសម្បត្តិ​ហើយ         ក្រុម​សេនា​អា​មាត្រ​ក៏​បាន​ថ្វាយ​ព្រះ​នាម​ថា​ព្រះបាទ​ត្រសក់ផ្អែម ។ កាល​ព្រះបាទ​ត្រសក់ផ្អែម​សោយរាជ្យ​បាន​៤​ឆ្នាំ     ស្តេច​រលឹក​ទី​ប្រសូត និង​ចម្ការ​ត្រសក់ ក៏​យាង​ទៅ​សាង​ព្រះរាជ​មន្ទីរ​នៅ​ទីនោះ  ស្តេច​បាន​សាង​ព្រះពុទ្ធ​បដិមា​ជា​ច្រើន​ព្រះ​អង្គ​យក​ទៅ​តម្កល់​ក្នុង​រូងភ្នំ​ទុកជា​ព្រះ​កេរ ហើយ​ទ្រង់​សន្មត​ថា «​ភ្នំ​ព្រះ​»

ទាំងនេះគឺជារឿងរាវប្រវត្តិភ្នំព្រះដែលអង្គភាពសារព័ត៌មានកម្ពុជាសន្តិភាពខ្ញុំបាទ ចាន់ សឿនដែលបានលើកយកមកខាងលើនេះសូមបញ្ចប់ដោយសង្ខេបតែប៉ុណ្ណោះសូមអរព្រះគុណនិងអរគុណ!!!

រៀបចំដោយ៖ ខ្ញុំបាទ ចាន់ សឿន កម្ពុជាសន្តិភាព ១៣/០១/២២

       

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook