Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលហ្វីលីពីនចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់ខ្លាំងថែមទៀតលើវិស័យសន្តិសុខ

រដ្ឋាភិបាលហ៊្វីលីពីនបង្ហាញជំហររបស់ខ្លួនតាមរយៈឯកអគ្គរដ្ឋទូតហ៊្វីលីពីនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត លើវិស័យសន្តិសុខ ។

ការបង្ហាញជំហរបែបនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងឯកអគ្គរដ្ឋទូតហ៊្វីលីពីនថ្មីប្រចាំកម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ ហើយដែលត្រូវបានយកមកចុះផ្សាយនៅលើផេកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនោះ រួមមាន៖ កិច្ចសហប្រតិបត្តិការលើការ ងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បញ្ហាគ្រឿងញៀន បញ្ហាបទល្មើសបច្ចេកវិទ្យា និងអំពើជួញដូរមនុស្សជាដើម ដែលកិច្ចការទាំងនេះ មួយផ្នែកធំស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជា។

នៅក្នុងជំនួបនោះផងដែរ លោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសហ៊្វីលីពីន ប្រចាំនៅកម្ពុជា បានបញ្ជាក់ជំហរថា ហ៊្វីលីពីននៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ព្រមទាំងនឹងបន្តចូលរួមគាំទ្ររាល់ព្រឹត្តិការណ៍ដែលក្រសួងមហាផ្ទៃ ត្រូវធ្វើជាប្រធានដឹកនាំនៅក្រោមក្របខ័ណ្ឌនៃអាស៊ាននេះផងដែរ។

ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌ ក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ពិសេសការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារពង្រីកសម្ព័ន្ធមេត្រីភាពរវាងប្រទេសទាំងពីរ។

រីឯទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរវិញ សម្តេចក្រឡាហោម មានជំនឿយ៉ាងមុតមាំថា នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងហ៊្វីលីពីន នឹងកាន់តែបន្តរីកចម្រើនថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌគ្រួសារអាស៊ានផងដែរ។

សម្តេចក្រឡាហោម បានបន្តថា ខណៈនៅក្នុងឆ្នាំ២០២២ កម្ពុជាទទួលធ្វើជាប្រធានអាស៊ាន សម្ដេចក៏សង្ឃឹមថា ហ៊្វីលីពីន នឹងបន្តចូលរួមគាំទ្រដល់ការបំពេញតួនាទីនេះរបស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួមរបស់អាស៊ានទាំងមូល ក៏ដូចជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ៊្វីលីពីន ឱ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ៕
ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook