Connect with us

ព័ត៌មានអន្តរជាតិ

មន្ត្រីការពារជាតិមកពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាអំពីការគំរាមកំហែងនៃការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង

ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា មន្ត្រីជាន់ខ្ពស់មកពីក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានជួបពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការបាញ់គ្រាប់មីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង និងបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី។

កិច្ចពិភាក្សាតាមទូរស័ព្ទនោះបានធ្វើឡើងនៅពីរថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់អ្វីដែលខ្លួនអះអាងថា ជាគ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេងចូលទៅក្នុងសមុទ្រខាងកើត ដែលជាការបាញ់លើកទីពីរក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។

យោងតាមក្រសួងនោះបានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចសន្ទនានោះ អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Man-ki ជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក លោក Ely Ratner និងលោក Kazuo Masuda មកពីក្រសួងការពារជាតិជប៉ុន បានចែករំលែកទស្សនៈរបស់ពួកគេអំពីស្ថានភាពសន្តិសុខជុំវិញឧបទ្វីបកូរ៉េ រួមទាំងការបាញ់គ្រាប់មីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើងផងដែរ។

ក្រសួងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជាពិសេស ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាក្នុងការពន្លឿនការវិភាគស៊ីជម្រៅ និងការរៀបចំវិធានការឆ្លើយតបប្រឆាំងនឹងការគំរាមកំហែងពីការបាញ់គ្រាប់មីស៊ីលដែលកំពុងមានការកើនឡើងរបស់កូរ៉េខាងជើង»។

មន្ត្រីទាំងនោះបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងចំណោមប្រទេសទាំងបី ហើយបានព្រមព្រៀងគ្នាធ្វើកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីការពារជាតិត្រីភាគីតាមការព្រមព្រៀងគ្នានៅថ្ងៃនោះ។

ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នៅពេលមុននេះបានជំរុញឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិនៅកោះហាវ៉ៃនៅក្នុងខែនេះ ប៉ុន្តែបានពន្យារពេលវិញដោយសារតែស្ថានភាពមេរោគរាតត្បាត។

ប្រទេសទាំងបីបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិត្រីភាគីលើកចុងក្រោយ ស្តីពីកិច្ចចរចាសន្តិសុខដែលពាក់ព័ន្ធនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងបាងកកប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩៕
ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook