Connect with us

ព័ត៌មានអន្តរជាតិ

ប្រទេសឡាវជំរុញការផលិតឱសថ Molnupiravir សម្រាប់ការព្យាបាលជំងឺកូវីដ-១៩

ប្រទេសឡាវនឹងបង្កើនការផលិតឱសថរបស់ខ្លួនប្រឆាំងនឹងមេរោគរាតត្បាត molnupiravir ដែលមានឈ្មោះពាណិជ្ជកម្មថា Molacovir ដើម្បីបម្រើដល់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញាស្រាល។

លោកវេជ្ជបណ្ឌិត Lahounh Chanthabout នាយកគ្រប់គ្រងរោងចក្រឱសថសហគ្រាសរដ្ឋលេខ៣ ដែលជាក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសឡាវបាននិយាយថា តម្រូវការឱសថនេះមានការកើនឡើងបីដងក្នុងឆ្នាំនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vientiane Times ។

រោងចក្រដែលបានចាប់ផ្តើមផលិតឱសថនេះកាលពីខែធ្នូឆ្នាំមុន មិនអាចបំពេញតាមតម្រូវការបានទេ ដោយសារការកើនឡើងនៃចំនួនអ្នកជំងឺកូវីដ-១៩។

រោងចក្រនេះលក់ឱសថ Molacovir ក្នុងតម្លៃ ៤០០ ០០០LAK (៣៦ដុល្លារអាម៉េរិក) សម្រាប់ការព្យាបាលមួយវគ្គដែលមានរយៈពេលប្រាំថ្ងៃ។

កម្មវិធីសាកល្បងឱសថនេះ គឺផ្តោតសំខាន់ទៅលើមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដែលមានរោគសញ្ញាស្រាល ឬមធ្យមនៃជំងឺកូវីដ-១៩ ហើយស្ថិតក្នុងដំណាក់កាលដំបូងនៃជំងឺនេះ។ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការព្យាបាល អ្នកជំងឺមិនត្រូវមានរោគសញ្ញាជំងឺរលាកសួត ឬកង្វះអុកស៊ីសែនឡើយ។

ប្រទេសឡាវបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨០៥នាក់ និងមានអ្នកស្លាប់ចំនួន ៧នាក់បន្ថែមនៅទូទាំងប្រទេសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលរបស់ប្រទេសនេះកាលពីថ្ងៃទី១៣ ខែមករា។ ករណីជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេសឡាវបានកើនឡើងដល់ ១២២ ៤១នាក់ ដោយមានអ្នកស្លាប់សរុបចំនួន ៤៧១នាក់៕
ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook