Connect with us

ព័ត៌មានអន្តរជាតិ

ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ក្នុងស្រុករបស់ចិនដីគោកមានការថយចុះ

ប្រទេសចិនដីគោកបានកត់ត្រានូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន ៥៥នាក់ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់បើធៀបទៅនឹងករណីឆ្លងថ្មីចំនួន ១២៧នាក់ដែលត្រូវបានរាយការណ៍កាលពីមួយថ្ងៃមុន។

យោងតាមទិន្នន័យចុងក្រោយបង្អស់ពីគណៈកម្មការសុខភាពជាតិបានឱ្យដឹងថា កាលពីថ្ងៃអង្គារចិនដីគោកបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន ៣៣នាក់នៅក្នុងខេត្តហឺណាន ១៤នាក់នៅក្នុងខេត្តធានជីន ៧នាក់នៅក្នុងខេត្តក្វាងទុង និង ១នាក់នៅរដ្ឋធានីប៉េកាំង។

នៅទូទាំងចិនដីគោក ករណីនាំចូលនៃជំងឺកូវីដ-១៩ សរុបចំនួន ៣២នាក់ក៏ត្រូវបានរាយការណ៍ថ្មីផងដែរ។

គណៈកម្មការនោះបានកត់សម្គាល់ថា មិនមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ទេ ប៉ុន្តែបាននិយាយបន្ថែមថា មានការសង្ស័យថាមានករណីឆ្លងថ្មីចំនួន ៥នាក់ ដែលអ្នកទាំងអស់នោះមកពីបរទេស។

បន្ទាប់ពីការជាសះស្បើយនៃអ្នកជំងឺចំនួន ១៦៣នាក់កាលពីថ្ងៃអង្គារ ចំនួននៃករណីជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនាពេលឥឡូវនេះបានថយចុះមកនៅត្រឹម ៣ ៤៥៤នាក់ ពីចំនួន ៣ ៥៣០នាក់កាលពីមួយថ្ងៃមុន។

អ្នកជំងឺសរុបចំនួន ៤ ៦៣៦នាក់បានស្លាប់ដោយសារវីរុសនេះនៅចិនដីគោកចាប់តាំងពីមានជំងឺរាតត្បាតនេះមក។ ចំនួនអ្នកស្លាប់នៅតែមិនមានការប្រែប្រួលជិតមួយឆ្នាំមកហើយ។ ចំនួនអ្នកស្លាប់បានកើនឡើងពី ៤ ៦៣៥នាក់ គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ដល់ចំនួន ៤ ៦៣៦នាក់នៅមួយថ្ងៃបន្ទាប់៕
ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published.

Facebook