Connect with us

ព័ត៌មានអន្តរជាតិ

ប្រទេសថៃទាក់ទាញភ្ញៀវទេសចរណ៍បរទេសអ្នកមានឱ្យស្នាក់នៅរយៈពេលយូរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៨ ខែមករា បានអនុម័តបទប្បញ្ញត្តិថ្មីក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍បរទេសដែលមានទ្រព្យសម្បត្តិច្រើនឱ្យស្នាក់នៅរយៈពេលយូរ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការវិនិយោគក្នុងប្រទេស។

យោងតាមអ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Rachada Dhnadirek បានឱ្យដឹងថា រដ្ឋាភិបាលថៃកំពុងកំណត់គោលដៅទៅលើភ្ញៀវទេសចរណ៍បរទេសអ្នកមាន ឬអ្នកចូលនិវត្តន៍ អ្នកជំនាញដែលចង់ធ្វើការងារពីប្រទេសថៃ និងអ្នកជំនាញដែលមានជំនាញខ្ពស់។

អ្នកទាំងអស់នោះនឹងត្រូវបានផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលវែងដែលមានរយៈពេលដល់ទៅ ១០ឆ្នាំ ប៉ុន្តែត្រូវតែធ្វើការបន្តទិដ្ឋាការបន្ទាប់ពីឆ្នាំទី៥ នៃការស្នាក់នៅក្នុងប្រទេសថៃ ដោយរយៈពេលបន្តមានរយៈពេលត្រឹមតែ ៥ឆ្នាំទៀតប៉ុណ្ណោះ។

អ្នកដែលជឿជាក់ថាពួកគេស្ថិតក្នុងក្រុមមួយក្នុងចំណោមក្រុមទាំងនោះ អាចដាក់ពាក្យសុំវិញ្ញាបនបត្រគុណវុឌ្ឍិដោយផ្តល់ភស្តុតាង និងឯកសារពាក់ព័ន្ធដើម្បីបញ្ជាក់ពីស្ថានភាពរបស់ពួកគេជាមួយក្រុមប្រឹក្សាវិនិយោគថៃ (BOI) ឬស្ថានទូត និងស្ថានកុងស៊ុលថៃនៅបរទេស។

អ្នកដែលទទួលបានវិញ្ញាបនបត្រនោះ អាចដាក់ពាក្យស្នើសុំទិដ្ឋាការស្នាក់នៅរយៈពេលវែងរហូតដល់ ១០ឆ្នាំសម្រាប់ខ្លួនគេ និងអ្នកអមដំណើររបស់ពួកគេ។ ទិដ្ឋាការនេះមានតម្លៃ ១០ ០០០បាត (៣០០ដុល្លារអាម៉េរិក) ក្នុងមួយឆ្នាំសម្រាប់អ្នកដាក់ពាក្យម្នាក់ៗ។ ពួកគេនឹងត្រូវរាយការណ៍ទៅអាជ្ញាធរម្តងក្នុងមួយឆ្នាំដើម្បីបញ្ជាក់ពីទីកន្លែងស្នាក់នៅរបស់ពួកគេ។

ជាមួយនឹងវិញ្ញាបនបត្រនេះ អ្នកជំនាញបរទេសដែលចង់ធ្វើការងារពីប្រទេសថៃ និងអ្នកជំនាញដែលមានជំនាញខ្ពស់ អាចដាក់ពាក្យសុំប័ណ្ណការងារជាករណីពិសេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

ប័ណ្ណអនុញ្ញាតិការងារសម្រាប់ជនបរទេសក្រោមកិច្ចសន្យាការងារនឹងមានរយៈពេលរហូតដល់ចប់រយៈពេលនៃកិច្ចសន្យាការងារ ប៉ុន្តែមិនត្រូវលើសពី ៥ឆ្នាំទេ។ ប័ណ្ណអនុញ្ញាតិការងារនេះអាចបន្តបានស្របតាមរយៈពេលនៃកិច្ចសន្យាការងារ ប៉ុន្តែមិនត្រូវលើសពី ៥ឆ្នាំទេ។ ប័ណ្ណអនុញ្ញាតការងារនេះនឹងផុតកំណត់នៅពេលផុតកំណត់នៃទិដ្ឋាការស្នាក់នៅ៕
ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published.

Facebook