ភ្នំពេញ៖ នាឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដើម្បីអបអរសាទរព្រះរាជពិធីគ្រងព្រះបរមរាជ សម្បត្តិរបស់ព្រះមហាក្សត្រ និងព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស ហើយក្នុងនោះរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរណ៍ប្រមាណ ៣០ម៉ឺននាក់។

យោងតាមការវាយតម្លៃរបស់ អាជ្ញាធររាជធានីភ្នំពេញ ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំង ៣០ម៉ឺននាក់ នេះបានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមាន ឈ្នះ ឈ្នះ។

ជាមួយគ្នានេះដែរ បើតាមរបាយការណ៍ ពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃនេះ មានភ្ញៀវទេសចរណ៍សរុបទូទាំងប្រទេស ៤១ម៉ឺននាក់ បានដើរកម្សាន្តទៅតាមតំបន់នានាក្នុងប្រទេសមានដូចជា ខេត្តសៀមរាប៖ ១១១,១១១នាក់, ខេត្តកំពត៖ ៤៩,៤៦០នាក់, ខេត្តព្រះសីហនុ៖ ៣៨,៦៣៧នាក់, ខេត្តកណ្តាល៖ ២៩,៥៤០នាក់, ខេត្តកែប៖ ២៣,១២៨នាក់, ខេត្តកំពង់ស្ពឺ៖ ២០,៧៧៥នាក់, ខេត្តមណ្ឌលគិរី៖ ១៧,២២៩នាក់, ខេត្តកោះកុង៖ ១៥,៨៨៧នាក់ ព្រមទាំងតំបន់សំខាន់ៗជាច្រើនទៀត៕
