Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពី ការពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែម ចំពោះយានយន្តធុនធ្ងន់

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងចំនួន៦ចំណុច ដើម្បីពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែម ចំពោះយានយន្តធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ការចេញនូវ សេចក្តីចូនដំណឹងនេះ ស្របពេលដែលនៅតែមានម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន មិនទាន់ចូលរួមគោរពអនុវត្ត បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានពេញលេញ និងត្រឹមត្រូវនៅឡើយនោះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន  បានឱ្យដឹងថា ដើម្បីពង្រឹងការអនុវត្តបទប្បញ្ញត្តិ នៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យ ផ្លូវថ្នល់ឱ្យបានជាប់រ៉ឹងមាំ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទំងន់កម្រិតកំណត់ សូមធ្វើការណែនាំដូចខាងក្រោម៖

*ទី១៖ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ត្រូវដឹកជញ្ជូនទំនិញ ឬធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធុនធ្ងន់របស់ខ្លួន ឱ្យអនុវត្តយ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់ តាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា២៦ នៃច្បាប់ស្តីពីផ្លូវថ្នល់។

*ទី២៖ ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬផ្ទុកទម្ងន់លើសពី២០ភាគរយ ប្រធានស្ថានីយជញ្ចឹងអចល័ត និង/ឬប្រធានក្រុមជញ្ជីងចល័តត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ដែលក្នុងនោះត្រូវ៖

*ដកបណ្ណបើកបរ និងព្យួរទុកចំនួន ២ឆ្នាំ
*ឃាត់យានជំនិះទុកចំនួន ១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែង ទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង
*បញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួន១ឆ្នាំ ក្នុងករណីទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។

*ទី៣៖ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ដែលរងនូវការពិន័យអន្តរការណ៍ដូចមានចែងក្នុងចំណុចទី២ ខាងលើត្រូវសហការ ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ក្នុងការលើកដាក់ទំនិញនិងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯងរហូតមានការ សម្រេចជាថ្មី។

*ទី៤៖ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ដែលរងនូវការពិន័យអន្តរការណ៍ និងការឃាត់ទុកយានជំនិះ ដូចមានចែងក្នុងចំណុចទី២ ខាងលើអាចមានសិទ្ធិប្តឹងតវ៉ា ស្របតាមនីតិវិធីដូចមានចែងក្នុងបទប្បញ្ញត្តិមាត្រា៤៧ នៃច្បាប់ស្តីពីផ្លូវថ្នល់។

*ទី៥៖ ចំពោះមន្ត្រីមានសមត្ថកិច្ច (ស្ថានីយជញ្ជឹងអចល័ត និងជញ្ជីងចល័តក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន) ដែលអនុញ្ញាតឱ្យរថយន្តផ្ទុក លើសទម្ងន់ កម្រិតកំណត់ ដូចមានចែងក្នុងចំណុចទី២ ខាងលើធ្វើចរាចរណ៍លើបណ្តាញផ្លូវថ្នល់ នឹងត្រូវទទួលទណ្ឌកម្មវិន័យដូចមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិល និងអនុក្រឹត្យលេខ ១០ អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តវិន័យចំពោះមន្ត្រីរាជការស៊ីវិល ឬករណីធ្វើឱ្យផ្លូវថ្នល់ ស្ពាន សំណង់សិល្បការ្យ ផ្លូវថ្នល់ខូចខាតធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដូចមានចែងក្នុងកថាខណ្ឌទី២ មាត្រា៧៥ នៃច្បាប់ស្តីពីផ្លូវថ្នល់។

*ទី៦៖ សេចក្តីជូននេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ។ ដោយឡែកចំពោះលិខិតលេខ ២៨៣៩ សក/តតលទ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ត្រូវអស់សុពលភាពអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះផងដែរ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook