Connect with us

ព័ត៌មានទាន់ហេតុការណ៍

ឡាវ កំពុងតែពិចារណាលែងទទួលកម្ចីពីបរទេស ដើម្បីទប់ទល់នឹងឱនភាពសារពើពន្ធ

ប្រទេសឡាវ៖ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីឡាវ លោក ថុងលួន ស៊ីសូលីត បានថ្លែងទៅកាន់សភាជាតិរបស់ខ្លួនពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស ដែលកំពុងតែដល់ដំណាក់កាលមួយត្រូវមានវិធានឆ្លើយតបមានប្រសិទ្ធភាព និងទាន់ពេល ដើម្បីជាដំណោះស្រាយ និងបន្ធូរបន្ថយលើស្ថានភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vientiane Times។
នៅចំពោះមុខសភាជាតិ លោកនាយករដ្ឋមន្ត្រី ស៊ីសូលីត បានឲ្យដឹងថា រដ្ឋាភិបាល នឹងមិនទទួលកម្ចីពីបរទេសទៀតនោះទេ ដែលនេះ គឺជាមធ្យោបាយមួយរដ្ឋាភិបាល ដើម្បីទប់ទល់នឹងឱនភាពសារពើពន្ធ។ លោកនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាល នឹងគ្រប់គ្រប់បំណុលសាធារណៈឲ្យត្រឹមត្រូវអនុលោមតាមច្បាប់ ដើម្បីធានាឲ្យបានការមិនកើតមានឱនភាពថវិកាធ្ងន់ធ្ងរ។ នេះតាមប្រភពព័ត៌មានដដែលខាងលើ។
តាមការបញ្ជាក់បន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុឡាវសំឌី ដួងឌី (Somdy Duangdy) រដ្ឋាភិបាល ក៏នឹងរិះរកមធ្យោបាយផ្សេងទៀតដើម្បីកាត់បន្ថយបន្ទុកបំណុល ដូចជាការបំលែងបំណុលទៅជាមូលធន, ការលក់ទ្រព្យសម្បត្តិ និងការលក់ហ៊ុននៅក្នុងសហគ្រាសរបស់រដ្ឋជាដើម។ លោកអះអាងថា ចំណាត់ការនេះ ក៏មានគោលបំណងធ្វើឲ្យកិត្តិនាមរបស់ប្រទេសកាន់តែល្អប្រសើរ ក៏ដូចជាកសាងទំនុកចិត្តជាមួយនឹងអ្នកវិនិយោគមានសក្តានុពល និងម្ចាស់ជំនួយផងដែរ។
ពាក់ព័ន្ធនឹងបំណុលដែលរដ្ឋាភិបាលខ្ចីពីក្រុមហ៊ុនឯកជន ដើម្បីយកទៅប្រើប្រាស់ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ប្រមុខហិរញ្ញវត្ថុឡាវរូបនេះ សង្កត់ធ្ងន់ថា រដ្ឋាភិបាល នឹងប្រមែប្រមូលមូលនិធីពីគ្រប់ប្រភពដើម្បីសងក្រុមហ៊ុនទាំងនោះតាមកាលកំណត់។
ទោះក្នុងស្ថានភាពបែបនេះក៏ដោយ តាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី ថុងលួន ស៊ីសូលីត រដ្ឋាភិបាល នៅមានលទ្ធភាពក្នុងការសងបំណុលដែលជំពាក់បរទេស ហើយរដ្ឋាភិបាលឡាវ ក៏មិនប្រកាសដាច់ខាតក្នុងការកម្ចីក្រុមហ៊ុនឯកជន និងបរទេសផងដែរ៕
គួរជម្រាបផងដែរថា តាមការព្យាកររបស់ធនាការពិភពលោក ដែលចុះផ្សាយកាលពីខែមិថុនាកន្លងទៅ កម្ចីសាធារណៈរបស់ឡាវ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៦៥-៦៨ ភាគរយនៃផលិតផលក្នុងស្រុកប្រចាំ២០២០ ដែលតួលេខនេះ ធ្វើឲ្យឡាវ ត្រូវស្ថិតនៅក្នុងស្ថានភាពហានិភ័យកាន់តែខ្ពស់ក្នុងការអាចធ្លាក់ជាប់ផុងក្នុងបំណុល ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook