ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ពូជស្រូវជាង៤ពាន់តោនដើម្បីផ្តល់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលរងគ្រោះដោយសារទឹកជំនន់ធ្វើយ៉ាងណាឱ្យបងប្អូនស្ដារជីវភាពបានប្រសើរឡើងឡើងវិញ។
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់វិទ្យុជាតិកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ពូជស្រូវសុទ្ធដែលមានគុណភាពខ្ពស់ និងឧបករណ៍សម្ភារកសិកម្មមួយចំនួន សម្រាប់ផ្តល់ជូនប្រជាកសិករដែលជួបគ្រោះមហន្តរាយ ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងជូនកសិករ។
លោកបញ្ជាក់ថា « មកដល់ពេលយើងបានធ្វើកិច្ចអន្តរាគមន៍ហើយកិច្ចអន្តរាគមន៍គឺបានគាំទ្រពីសំណាក់រាជរដ្ឋាភិបាលនៅពេល ក្រសួងកសិកម្មរាយការណ៍ជូនសម្តេចតេជោ សម្តេចបានឯកភាពឲ្យទិញពូជស្រូវចំនួន ២ ពាន់តោនបន្ថែមទៀតលើពូជស្រូវនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជាជាង ២ ពាន់តោនដែលមានស្រាប់។ ម្សិលមិញការវាយតម្លៃទូទាំងប្រទេសត្រូវការគ្រាប់ពូជច្រើន តំបន់មួយចំនួនកសិករកំពុងស្តារការដាំដុះបណ្តើរៗ ដូច្នេះក្រសួងកសិកម្ម និងរាជរដ្ឋាភិបាលជំរុញអន្តរាគមន៍នេះឲ្យបានលឿនបំផុត »។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ បណ្តាខេត្តចំនួន ១៨ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ធ្វើឱ្យផ្ទៃដីដំណាំស្រូវជាង ២៩ ម៉ឺនហិកតាស្មើ ១០% នៃផ្ទៃដីដាំដុះទូទាំងប្រទេសរងការខូចខាត។ ក្នុងនោះខេត្តដែលរងគ្រោះខ្លាំងជាងគេមានខេត្តចំនួន ៣ គឺ ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដែលរាជរដ្ឋាភិបាលនឹងទម្លាក់ពូជស្រូវដល់ខេត្តបាត់ដំបងចំនួន ១០៥០តោន ខេត្តពោធិ៍សាត់ ចំនួន ១៤៥០តោន និងខេត្តបន្ទាយមានជ័យចំនួនជាង ៦០០តោន៕
ប្រភព៖ ក្រសួងព័ត៌មាន