ភ្នំពេញ: ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ គ្រោងនឹងដុតបំផ្លាញចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅសរុប ៥៤០.៧តោន នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកានេះ បន្ទាប់ពីសមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាបបានជាបន្តបន្ទាប់។

សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក)នៃក្រសួងមហាផ្ទៃចុះថ្ងៃទី០៣ខែវិច្ឆិកាបានឲ្យដឹងថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងអញ្ជើញដុតកម្ទេចឱសថខុសច្បាប់ចំនួន ៧.៧តោន និងផលិតផលក្លែងក្លាយទូទៅចំនួន ៥៣៣តោន សរុបចំនួន ៥៤០.៧តោនដែលកម្លាំងសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការបានបង្ក្រាប និងរឹបអូសបាននាពេលកន្លងមក។

សេចក្ដីប្រកាសព័ត៌មានបន្តថា កម្មវិធីនេះមាននឹងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូតនានា អាជ្ញាធរដែនដី មន្ត្រីរាជការ និងវិស័យឯកជនជាច្រើនរូប ហើយការកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការឲ្យធ្វើការកម្ទេចចោលដែលនឹងប្រារព្ធពិធីនៅថ្ងៃទី ០៥ខែវិច្ឆិកាឆ្នាំ២០២០នេះ នៅម៉ោង ៨:៣០នាទីព្រឹក ក្នុងបរិវេណទីលានចាក់សំរាមដង្កោ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជាបានថ្លែងពីម្សិលមិញថា លោកគាំទ្រចំណាត់ការរបស់ គ.ប.ផ.ក ដែលបានរៀបចំកម្មវិធីនេះ ព្រោះជាការបង្ហាញពីការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយទាំងអស់។
លោកបន្តថា ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គឺមិនមែនមានតែសមត្ថកិច្ច ឬអាជ្ញាធរទេ ប៉ុន្ដែត្រូវទាមទារឲ្យមានការចូលរួមពីពលរដ្ឋគ្រប់រូប ជាពិសេសអាជីវករដែលជាអ្នកលក់-ទិញ និងជាអ្នកចរាចរណ៍ទំនិញទាំងអស់ទៅលើទីផ្សារ។ ប្រសិនពួកគាត់រកស៊ីមិនស្មោះត្រង់ កេងបន្លំគុណភាព បរិមាណ និងតម្លៃហួសហេតុ អាចនឹងធ្វើឲ្យអ្នកប្រើប្រាស់ ឬអ្នកទទួលសេវារងគ្រោះធ្ងន់ធ្ងរបំផុត៕