Connect with us

កងកម្លាំងប្រដាប់អាវុធ

កម្ពុជា វៀតណាម ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត បើទោះបីជាជួបវិបត្ដិជំងឺកូវីដ១៩

ភ្នំពេញថ្ងៃទ១១ ខែកុម្ភះ ឆ្នាំ២០២២÷កម្ពុជា វៀតណាម បានប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត បើទោះបីជាជួបវិបត្ដិជំងឺកូវីដ១៩ ដើម្បីបម្រើដល់ផលប្រយោជន៍រួមទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ក្នុងឱកាសអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងទើបតែងតាំងថ្មី នៃក្រសួងនគរបាល អមស្ថានទូតវៀតណាមប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី មានប្រសាសន៍ថា នៅក្រោមក្របខណ្ឌនៃការដឹកនាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបង្ក លក្ខខណ្ឌ យ៉ាងល្អប្រសើរ រួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហការរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយ ក្រសួងនគរបាលវៀតណាម ។

សម្ដេចក្រឡាហោម ក៏បានបង្ហាញយ៉ាងមុតមាំថា តាមរយៈបេសកកម្មរបស់លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ពិតជានឹងធ្វើ ឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា កាន់តែរីកចម្រើន ឡើងថែម ទៀត។ សម្ដេចមានប្រសាសន៍ថា សម្ដេចផ្ទាល់ត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការ និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីវៀតណាមក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលបម្រើដល់ផលប្រយោជន៍រួមទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្ដេចបានរម្លឹកថា កន្លងមក ទោះបីជាប្រឈមនឹងស្ថានភាពវិបត្តិកូវីដ-១៩ ប៉ុន្តែក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួង ទាំងពីរ តែងតែមានការអនុវត្តន៍នូវរបបជួបគ្នាតាមផែនការដែលបានកំណត់ ក្នុងនោះសម្ដេចផ្ទាល់ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានជួបទំនាក់ទំនងជាមួយគ្នាតាមប្រព័ន្ធវីដេអូនៅក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដូចជា កិច្ចប្រជុំទ្វេភាគីរវាងក្រសួងទាំងពីរ ក៏ដូចជាកិច្ចប្រជុំត្រីភាគីរវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងនគរបាលវៀតណាម និងក្រសួង សន្តិសុខសាធារណៈឡាវ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ដែលអនុញ្ញាតឱ្យលោក ចូលជួបសម្ដែងការគួរសមក្នុងឱកាសទទួលបានការតែងតាំងជាប្រធានស្ថានតំណាងថ្មីអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងបានជម្រាបសម្ដេចអំពីការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមជូនសម្ដេច ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជាផងដែរ។

លោកឧត្តមសេនីយ៍ត្រី បានបន្ដថា ជាការពិតណាស់ក្នុងអាណត្តិការងាររបស់លោកផ្ទាល់ ពិតជាទាមទារចាំបាច់នូវការផ្ដល់ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃកម្ពុជា ដើម្បីអាចបំពេញបេសកកម្មនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព ខណៈរូបលោកក៏ត្រៀមខ្លួនអនុវត្តទៅតាមស្មារតីនៃផែនការសហប្រតិបត្តិការដែលក្រសួងទាំងពីរបានចុះហត្ថលេខា ក្នុងឱកាស នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់កម្ពុជាកាលពីចុងឆ្នាំ ២០២១កន្លងទៅនេះ។

ទន្ទឹមនេះលោកឧត្តមសេនីយ៍ត្រី ក៏បានជម្រាបជូនសម្ដេចអំពីការត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ ក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដឹកនាំរបស់សម្ដេចក្រឡាហោមផ្ទាល់ នៅក្នុងក្របខណ្ឌ ក៏ដូចជាវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមផងដែរ៕

 

 

Click to comment

Leave a Reply

Your email address will not be published.

Facebook