ភ្នំពេញ៖ យោងតាមតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក)នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ផលិតផលក្លែងក្លាយ៥៤០,៧តោន ដោយក្នុងនោះ មានឱសថខុសច្បាប់៧,៧តោន នឹងត្រូវកម្ទេចចោល នៅបរិវេណទីលានចាក់សំរាមដង្កោ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា ពិធីកម្ទេចផលិតផលក្លែងក្លាយនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គទូត អាជ្ញាធរដែនដី មន្ត្រីរាជការ និង វិស័យឯកជនជាច្រើនរូបទៀត។ បើតាមគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ការកម្ទេចផលិតផលក្លែងក្លាយទាំងនោះ គឺធ្វើឡើងតាមដីកាបង្កាប់របស់តុលាការ។
ផលិតផលក្លែងក្លាយនិងខុសច្បាប់ជាង៥៤០តោន ត្រូវសមត្ថកិច្ចចាប់បានក្នុងរយៈពេល៩ខែកន្លងមក ដោយគិតពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២០។ ក្នុងចំណោមផលិតផលក្លែងក្លាយទាំងនោះ មានផលិតផលសម្រាប់បរិភោគ ផលិតផលជាគ្រឿងសម្អាង និង ផលិតផលឱសថ ដូចជា ផលិតផលឱសថប្រឆាំងនឹងជំងឹកូវីដ-១៩ ជាដើម។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបើកកិច្ចប្រជុំប្រជុំ ស្តីពីយន្តការអនុវត្តការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងទិសដៅអនុវត្តបន្ត។ លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ប្រាប់អ្នកសារព័ត៌មានក្លែងក្លាយ ក្រោយចាកចេញពីកិច្ចប្រជុំថា ការបើកកិច្ចប្រជុំនេះ គឺជាការជូនដំណឹងដល់កម្លាំងសមត្ថកិច្ច ឲ្យប្រឹងប្រែងទប់ស្កាត់បទល្មើសពាក់ព័ន្ធផលិតផលិតក្លែងក្លាយ។
លោក បន្តថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងអាជ្ញាធរពាក់ព័ន្ធ នឹងប្រឹងប្រែងប្រមូលព័ត៌មានពីសកម្មភាពផលិតនិងចែកចាយផលិតផលក្លែងក្លាយ ដើម្បីធ្វើប្រតិបត្តិការបង្ក្រាប។ លោក បង្ហាញការប្តេជ្ញាចិត្តថា៖«គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងបន្តធ្វើកម្មភាពទៀត មិនទុកបណ្តែតបណ្តោយឲ្យជនល្មើស ជនខិលខូច ឈ្មួញទុច្ចរិត ធ្វើសកម្មភាពផលិត ក៏ដូចជាចែកចាយផលិតផលក្លែងក្លាយ ដែលធ្វើឲ្យអន្តរាយដល់សុខភាពប្រជាពលរដ្ឋឡើយ»។
លោក អះអាងថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រួមទាំងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តផ្សព្វផ្សាយនិងអប់រំប្រជាពលរដ្ឋ ឲ្យយល់ដឹងពីផលិតផលិតក្លែងក្លាយ និងពីផលវិបាកនៃការប្រើប្រាស់ផលិតផលក្លែងក្លាយ ៕