ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួង និងអង្គភាពពាក់ព័ន្ធ កំពុងប្រជុំគ្នា ដើម្បីវាយតម្លៃលើផលប៉ះពាល់ ការពិភាក្សាលើគោលការណ៍ និងនីតិវិធីសម្រាប់អនុវត្តគម្រោងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងខូចខាតដោយសារជំនន់ទឹកភ្លៀងឆ្នាំ២០២០។

លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ០៤ខែវិច្ឆិកា បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធប្រជុំវាយតម្លៃលើផលប៉ះពាល់ ពិភាក្សាលើគោលការណ៍ និងនីតិវិធីសម្រាប់អនុវត្តគម្រោងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្តដែលរងខូចខាតដោយសារជំនន់ទឹកភ្លៀងឆ្នាំនេះ។

លោក វង្សី វិស្សុត បានថ្លែងថា ដោយផ្អែកលើស្ថានភាពនៃការរងខូចខាតដោយទឹកជំនន់ទឹកភ្លៀងឆ្នាំ២០២០ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់បំផុតលើការជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនដែលទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ការជួសជុលឡើងវិញជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតខ្លាំង ដើម្បីធ្វើប្រក្រតីកម្មនូវជីវភាពរស់នៅរបស់ប្រជាជនមិនឱ្យមានការប៉ះពាល់។
ការរៀបចំគម្រោងស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធស្រោចស្រព ដោយគិតគូរការបញ្ចូលជាបណ្តើរៗនូវសមាសភាពការប្រែប្រួលអាកាសធាតុ (Climate Change) ឬទស្សនាទានហេដ្ឋារចនាសម្ព័ន្ធបៃតង (Green Infrastructure) ដែលបានអនុវត្តកន្លងមកជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Resiliency) និងបញ្ចៀសផលប៉ះពាល់ផ្សេងៗនាពេលអនាគត។

លោកបន្តថា លោកបានស្នើដាក់ចេញនូវក្របខ័ណ្ឌរួមសម្រាប់ការស្តារឡើងវិញនេះ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋានសំខាន់ៗដូចជា ការធ្វើអាទិភាពភាវូបនីយកម្មគម្រោង ដោយផ្អែកលើភាពបន្ទាន់នៃគម្រោង។
ទីតាំងភូមិសាស្រ្ត ដែលទទួលរងផលប៉ះពាល់តាមកម្រិត ពីខ្លាំងទៅទាប, ការតម្រង់ទិស និងជំរុញប្រើប្រាស់ថវិកាដែលមានស្រាប់ឱ្យអស់លទ្ធភាព និងចំអាទិភាព និងចំពោះគម្រោងស្តារឡើងវិញដែលមានទំហំថវិកាធំ នឹងពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ស្នើសុំហិរញ្ញប្បទាន តែបើក្នុងករណីបន្ទាន់ និងចាំបាច់ខ្លាំង អាចពិនិត្យស្នើសុំប្រើប្រាស់ថវិកាជាតិតែម្តង៕