Connect with us

ព័ត៌មានទាន់ហេតុការណ៍

កត្តា​5​យ៉ាង​ដែល​នាំ​ឱ្យ​កើត​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​យឹ​ម សុ​បុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​ប្រធាន​ផ្នែក​ជំងឺផ្លូវចិត្ត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​មាន​៥​កត្តា​ដូច​ជា​៖
១-​កត្តា​បរិយាកាស និង​សង្គម
-​ការ​បាត់បង់​ឪពុក ឬ​ម្តាយ​ក្នុង​វ័យ​កុមារ ។
-​ការ​រំលោភ​បំពាន​ផ្លូវ​កាយ​ឬ​ផ្លូវភេទ​ពី​វ័យ​កុមារ ។
-​ការ​ចិញ្ចឹម​បីបាច់​ពី​ឪពុក​ម្តាយ​មិន​បាន​ល្អ ។
-​មាន​ប្រវត្តិ​ប៉ះទង្គិច​ផ្លូវចិត្ត ។
-​ទទួល​ការ​តានតឹង​ក្នុង​ចិត្តខ្លាំង​និង​រុំ​ា​រ៉ៃ ។
-​មាន​ប្រវត្តិ​ជំងឺ​ធ្លាក់​ទឹកចិត្ត ។
-​ការ​ថយ​ចុះ ឬ​ការ​បាត់បង់​ការ​គាំទ្រ​ពី​សង្គម ។
២-​កត្តា​ជីវសាស្ត្រ និង​សរីរាង្គ
-​មានការ​ឈឺចាប់​រ៉ាំ​រ៉ៃ ។
-​មាន​ជំងឺ​ផ្លូវ​កាយ​រ៉ាំ​រ៉ៃ​មួយ​ចំនួន ជំងឺ​ចាស់​វង្វេង ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ជំងឺ​បេះដូង ជំងឺមហារីក ជំងឺ​ទឹកនោមផ្អែម ។
-​ស្ត្រី​ពេល​មាន​រដូវ ឬ​មានគភ៌ ឬ​ក្រោយ​ពេល​សម្រាល​(​ជា​ពិសេស​ស្ត្រី​កូន​ដំបូង​) ។
៣-​កត្តា​ព​ន្ធុ
-​ការ​សិក្សា​លើ​កូនភ្លោះ​ភេទ​ដូច​បង្ហាញ​ថា បើ​កូន​ម្នាក់​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត នោះ​ម្នាក់​ទៀត​អាច​នឹង​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ពី​៤០​ទៅ​៥០​ភាគរយ ។

៤-​កត្តា​បុគ្គលិកលក្ខណៈ
-​បុគ្គល​មួយ​ចំ​នួ​មាន​ទំនោរ​ទៅ​រក​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ជំងឺផ្លូវចិត្ត​ផ្សេង​ទៀត​ពី​កំណើត ។

៥-​កត្តា​គីមី​សាស្ត្រ​ពី​ខាងក្រៅ និង​ក្នុង​ខួរក្បាល ។
-​ការ​ប្រើប្រាស់​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង ។
-​ឱសថ​ព្យាបាល​រោគ​មួយ​ចំនួន ។
-​បម្រែបម្រួល​គីមី​ក្នុង​ខួរក្បាល​មួយ​ចំនួន សេ​រ៉ូ​នី​ន ណរ​អេ​ពី​ណេ​ហ្វ្រុីន ដូ​ប៉ា​មីន ជាដើម ។

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ដឹង​ថា​លោក​អ្នកមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ? ជំងឺ​ធ្លាក់​ទឹកចិត្ត​មាន​លក្ខណៈ​ស្តែង​ឡើង​ដោយ​អារម្មណ៍​ក្រៀមក្រំ​ចិត្ត​ជាប់​ជា​ប្រចាំ និង​បាត់បង់​ចំណាប់អារម្មណ៍​ក្នុង​ស្ថានភាព ផ្សេង​ៗ ដែល​ធ្លាប់តែ​ចូល​ចិត្ត​ពី​មុន ហើយ​វា​រួម​មាន​ទាំង​ការ​បាត់បង់​នូវ​សមត្ថភាព​ក្នុង​ការ​បំពេញការងារ ក្នុង​សកម្មភាព ផ្សេង​ៗ​យ៉ាង​ហោច​ណាស់​មាន​រយៈពេល​ពី​រស​ប្តា​ហ៍ ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​យឹ​ម សុ​បុត្រា ឱ្យ​ដឹង​ថា លោក​អ្នក​អាច​កត់​សម្គាល់់ថា លោក​អ្នក​កើត​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​តាម​រោគ​សញ្ញា​មួយ​ចំនួន​៣​យ៉ាង៖
​១-​ការ​ផ្លាស់​ប្តូរ​អារម្មណ៍
-​មាន​អារម្មណ៍​ឯកោ ។
-​មាន​អារម្មណ៍​ស្រងូតស្រងាត់ ឬ​ធ្លាក់​ទឹកចិត្ត​ស្ទើរតែ​រាល់ថ្ងៃ ។
-​បាត់បង់​ការ​ចាប់អារម្មណ៍​និង​ភាព​សប្បាយ​ស្ទើរតែ​គ្រប់​សកម្មភាព​
ក្នុង​ជីវិត​រស់នៅ ។
-​មាន​អារម្មណ៍​បរាជ័យ​គ្រប់​សកម្មភាព ។ ស្តីបន្ទោស​ខ្លួនឯង ឬ​ដាក់​ទ​ណ្ខ​កម្ម​លើ​ខ្លួនឯង ។
-​អសមត្ថភាព ឬ​ថមថយ​ក្នុង​ការ​សម្រេចចិត្ត និង​ដោះស្រាយ​បញ្ហា​ប្រចាំ​ថ្ងៃ ។
-​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ។
-​មានគំនិត​មិន​ចង់​រស់ ឬ​ធ្លាប់​ធ្វើ​អត្តឃាត​ម្តង ឬ​ច្រើន​ដង​រួច​មក​ហើយ
-​មានគំនិត​មនុស្សឃាត ។
២-​អាការ​មាន​លើ​រាង​កាយ
-​វិបត្តិ​ដំណេក​(​ភ្ញាក់​ពី​ព្រឹក​ពេក​) ។
-​ញ៉ាំ​ពុំ​បាន ស្រក​ទម្ងន់ ឬ​ញ៉ាំ​ច្រើន​ឡើង​ទម្ងន់ ។
-​ចលនា យឺត​ៗ ឬ​មាន​ភាព​ឡេះឡះ ។
-​បាត់បង់​ចំណង់​ផ្លូវភេទ ។
-​អស់កម្លាំង​ល្ហិតល្ហៃ​ស្ទើរ​គ្រប់ពេលវេលា ។
-​ទល់លាមក រដូវ​មិន​ទៀង​(​ស្ត្រី​) ។
៣-​ការ​ផ្លា​ល់​ប្តូរ​តួនាទី​មុខងារ​ក្នុង​សង្គម
-​ដកខ្លួន​ចេញពី​សង្គម ។
-​ថយ​ចុះ​មុខងារ​ថែរក្សា​ខ្លួន និង​អសមត្ថភាព​ថែរក្សា​អ្នក​ដទៃ ។
-​អសមត្ថភាព​បំពេញការងារ ការ​សម្រេចចិត្ត និង​ធ្លាក់​ចុះ​ការ​ចង់​ដឹង​ហេតុផល ។
បើសិនជា​លោក​អ្នកមាន​អាការ​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ សូម​គិត​ទៅ​ដល់​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​ត្រូវ​ស្វែងរក​ដៃគូ​ពិភាក្សា មិន​ត្រូវ​លាក់​ទុក​ក្នុង​ចិត្ត​យូរ​ពេល​នោះ​ទេ ពិសេស​គួរតែ​ស្វែងរក​អ្នកជំនាញ​ដើម្បី​ព្យាបាល​ទើប​ជា​ការ​ប្រសើរ ៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook