អាវរងារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាន លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកចែកជូន ដល់កងទ័ព កងរាជអាវុធហត្ថ និងកងកម្លាំងនគរបាល នៅបញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្លាំងទាំង៣អង្គភាព ត្រូវចុះត្រួតពិនិត្យចរាចរណ៍អាវុធជាតិផ្ទុះជាប្រចាំបង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមមូលដ្ឋានក្រុង ស្រុក និងការពារសន្តិសុខជូនប្រជាពលរដ្ឋ និងត្រូវពង្រឹងកិច្ច និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចជំនាញ ក្នុងកិច្ចប្រតិបត្តិការល្អប្រសើរ។
ក្នុងនោះឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់កងរាជអាវុធហត្ថ កងទ័ព និងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការងារគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ ត្រៀមមធ្យោបាយសម្ភារគ្រឿង បំពាក់អាវុធគ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ។ កម្លាំងទាំងអស់ត្រូវចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជន និងចាត់តាំងជំនាញចុះស្រាវជ្រាវ រុករកមុខសញ្ញាជនល្មើសផ្សេងៗ ជាដើម។
ជាមួយគ្នានេះដែរ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា នៅតាមបណ្ដាអង្គភាពនីមួយៗ ត្រូវពង្រឹងការងារគ្រប់គ្រងចំនួនកងទ័ពឱ្យបានម៉ឺងម៉ាត់ និងអនុវត្តវិធានការផ្ទៃក្នុង ត្រូវធ្វើផែនការហ្វឹកហ្វឺនបំប៉នជំនាញដូចជា៖ ការចុះយកព័ត៌មាន ថតសកម្មភាពស្នាដៃយកមកផ្សព្វផ្សាយតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាដើម។ កងកម្លាំងអង្គភាពទាំង៣ ត្រូវបន្តការអប់រំផ្សព្វផ្សាយស្ដីពី ច្បាប់សិទ្ធិមនុស្ស និងក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងផ្សព្វផ្សាយរាល់បទបញ្ជា សារាចរ សេចក្ដីណែនាំរបស់ក្រសួងការពារជាតិ ជូនដល់មន្ត្រីថ្នាក់ក្រោមឱ្យបានញឹកញាប់ជាដើម។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អាវរងាដែលនាំយកមកចែកជូនដល់អង្គភាពទាំង៣នាឱកាសនេះ ដោយម្នាក់ៗ ទទួលបានអាវរងាមួយសម្រាប់ ដើម្បីពាក់នៅក្នុងរដូវរងាចូលមកដល់ផងដែរ៕




