Connect with us

ព័ត៌មានសេដ្ឋកិច្ច

រដ្ឋាភិបាល បានសម្រេចគាំទ្រ និងអនុម័តលើគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀត មានទំហំ​ទុន​វិនិ​យោគ​​សរុបជិត​៦លានដុល្លារ

រដ្ឋាភិបាល បានសម្រេចគាំទ្រ និងអនុម័តលើគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀតដែលមានទំហំ​ទុន​វិនិ​យោគ​​សរុបជិត​៦លានដុល្លារ។ ការអនុម័តនេះ ត្រូវបានគេមើលឃើញថា បើទោះជាកម្ពុជា កំពុងស្ថិតនៅក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ក្ដី តែប្រទេសកម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ។

ការសម្រេចគាំទ្រ និងអនុម័តលើគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀតដែលមានទំហំទុនវិនិយោគសរុបជិត៦លានដុល្លារ របស់រដ្ឋាភិបាល នឹងអាចជួយផ្តល់ឱកាសការងាររហូតជិត១៥០០កន្លែង។

កាលរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា បើតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖

១. SEAN ZORINA FASHION (CAMBODIA) CO., LTD. គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៣កន្លែង។

២. HARMONY APPAREL CO., LTD. គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៨៤កន្លែង។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ធ្លាប់បានមានប្រសាសន៍ថាកាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះថា គ្រប់គម្រោងវិនិយោគដែលត្រូវបានរាជរដ្ឋាភិបាលសម្រេច និងគាំទ្រទាំងអស់នេះ គឺសុទ្ធតែជាគម្រោងថ្មី ខណៈដែលម្ចាស់ទុនក៏បានសិក្សាលម្អិត និងមានជំនឿយ៉ាងមុតមាំមកលើការបណ្តាក់ទុនវិនិយោគកម្ពុជា។

លោកឧកញ៉ាបានបញ្ជាក់ថា “កម្ពុជាពេលនេះបានក្លាយជាគោលដៅវិនិយោគដ៏មានសក្ដានុពលសម្រាប់បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិនានា ដោយសារភាពអំណោយផលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចាប់អនុវត្តនៅដើមឆ្នាំ២០២១ខាងមុខនេះ ជាមួយនឹងការត្រៀមបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាននៅពេលឆាប់ៗខាងមុខនេះផងដែរ”៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook