Connect with us

កងកម្លាំងប្រដាប់អាវុធ

អាជ្ញាធរជាតិអប្សរាមិនគាំទ្រការយកទង់ជាតិរបស់កម្ពុជា មកច្នៃជាសម្លៀកបំពាក់នោះឡើយ

ភ្នំពេញ÷ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបង្ហាញថាចំពោះការយកទង់ជាតិកម្ពុជា មកច្នៃធ្វើជា ម៉ូតសម្លៀកបំពាក់គឺជាទង្វើមិនសមរម្យ ព្រោះទង់ជាតិជាដួងព្រលឹងរបស់ជាតិ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខប្រាសាទអង្គរវត្ត កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្សអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនមួយបានដាក់ពាក្យសុំមកកាន់អាជ្ញាធរជាតិអប្សរា ដើម្បី ថតបទចម្រៀង ហើយនៅក្នុងការអនុញ្ញាតនោះអាជ្ញាធរជាតិមិនបានដឹងថា មានការយកទង់ជាតិរបស់ខ្មែរមកគ្រងជាឯកសណ្ឋាននោះឡើយ។ លោកបន្តថា បន្ទាប់ពីឃើញសកម្មភាពរបស់ក្រុមហ៊ុន មួយនេះ អាជ្ញាធរអប្សរាក៏បានតម្រូវឱ្យធ្វើការដកចេញនូវឈុតដែលមានការយកទង់ជាតិមកច្នៃជាសម្លៀកបំពាក់នេះ ដោយខាងភាគីក្រុមហ៊ុនក៏បានកែសម្រួលទៅតាមអ្វីដែលអាជ្ញាធរជាតិបានកំណត់។

លោកបន្តទៀតថា ចំពោះការយកទង់ជាតិមកធ្វើជាសម្លៀកបំពាក់ជាការមិនសមរម្យ ព្រោះទង់ជាតិត្រូវបានគោរព ដោយ ស្មារតីស្នេហាជាតិ ស្រឡាញ់ទឹកដី ជាតិមាតុភូមិ ។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស សម្រាប់វីរជនយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត នៅពេល បានចេញច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញ បេសសកម្ម មនុស្សធម៌ នៅខាងក្រៅ។ ដូច្នេះ ការយករូបភាពទង់ជាតិមកធ្វើ ជាសម្លៀកបំពាក់គឺមិនសមរម្យ ព្រោះការយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់ អាចជាការប្រមាថ ដូចជានៅពេលដែល គេស្លៀកពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏នៅពេលដែល សម្លៀកបំពាក់នោះ ប្រឡាក់អ្នកខ្លះ មិនបានយកទៅបោកសម្អាតទេ បែរជាយកទៅទុកចោលជាដើម ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានពន្យល់ទៀតថា ទង់ជាតិជាដួងព្រលឹងរបស់ជាតិ នៅពេលយើងគោរពទង់ជាតិ យើងតែងច្រៀងនូវចម្រៀងជាតិ អមដោយភ្លេងជាតិ ដែលយើងទាំងអស់គ្នាគោរពស្រឡាញ់ ដោយស្មោះស្ម័គ្រអស់ពីបេះដូង។ ទង់ជាតិត្រូវបានប្រើសម្រាប់ផ្តល់ជាកិត្តិយស ដោយយកទៅគ្របពីលើម្ឈូស របស់បុគ្គលសំខាន់ៗ ដូចជាឥស្សរជនឆ្នើមរបស់ជាតិ ឬដល់កងទ័ព ដែលពួកគាត់បានពលីដើម្បីជាតិជាដើម។ ដូច្នេះសម្រាប់យុវជនដែលចង់បង្ហាញនូវការស្រឡាញ់ជាតិ ការ ស្រឡាញ់វប្បធម៌នោះ គប្បីចូលរួមលើកតម្កើងនូវតម្លៃរបស់ជាតិ ដូចជាការចូលរួមកុំចោលសំរាមផ្តេសផ្តាសនៅតាមរមណីយដ្ឋាន ឬតាមទីប្រាសាទ នានា កុំដើរជាន់ស្មៅដែលអាជ្ញាធរជាតិខំដាំខំថែឱ្យមានភាពស្រស់បំព្រង ការចតរថយន្តនៅតាមទីចំណតដែលបានរៀបចំ ដែលនោះជាការចូលរួមយ៉ាងធំធេង៕

Click to comment

Leave a Reply

Your email address will not be published.

Facebook