ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន៦ ៦៥០គ្រួសារ ក្នុងខេត្តកំពង់ធំ ទទួលបានពូជស្រូវពីរដ្ឋាភិបាល ជាង៦០ម៉ឺនតោន។ តាមរដ្ឋបាលខេត្តកំពង់ធំ ការចែកពូជស្រូវនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡដ្ឋាន ខេត្តកំពង់ធំ ក្រោមអធិបិតី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចនាយករដ្ឋមន្ត្រី។
រដ្ឋបាលខេត្តកំពង់ធំ បញ្ជាក់ទៀតថា ប្រជាកសិករទូទាំងខេត្តកំពង់ធំ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ នឹងទទួលបានពូជស្រូវចំនួន១០០គីឡូក្រាម ក្នុងមួយគ្រួសារ ដើម្បីស្តារដំណាំកសិកម្មឡើងវិញ ពិសេសដំណាំស្រូវនេះ។
លោក ឃិន សុខា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ថា កន្លងមកមានកសិករជាង៤ម៉ឺនគ្រួសារហើយនៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ បានទទួលពូជស្រូវពីរាជរដ្ឋាភិបាល។ ហើយចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ រាជរដ្ឋាភិបាល នឹងបន្តចែកពូជស្រូវជូនកសិករនៅខេត្តក្រចេះ កំពង់ចាម និងកំពង់ធំ។ បណ្ដាខេត្តនានា ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង ក៏នឹងទទួលបានពូជស្រូវជាបន្តបន្ទាប់ដែរ។ នេះបើតាម លោក ឃិន សុខា។
កន្លងមកក្រសួងកសិកម្មធ្លាប់អះអាងថា រដ្ឋាភិបាលបានត្រៀម ពូជស្រូវ ប្រមាណ ៤.៦ពាន់តោន និងពូជដំណាំរួមផ្សំ ប្រមាណ១៦តោន ដើម្បីស្តារដំណាំកសិកម្មដែលខូចខាតដោយទឹកជំនន់ឡើងវិញ។
គួររំឭកថា រាជធានី-ខេត្តចំនួន២០ បានរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ មានដូចជា ភ្នំពេញ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កណ្ដាល ព្រះសីហនុ កំពង់ធំ ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ស្វាយរៀង មណ្ឌលគិរី កំពង់ឆ្នាំង កោះកុង ត្បូងឃ្មុំ និងខេត្តកំពង់ចាម៕