ក្រុងរណបជ្រោយចង្វារ ដែលគ្រោងអភិវឌ្ឍន៍ជាទីក្រុងបៃតងឆ្លាតវៃ(Smart City) នឹងមានអាគារខ្ពស់ៗកាន់តែច្រើននាពេលខាងមុខនេះ ខណៈវិបត្តិសេដ្ឋកិច្ច បានបណ្តាលឲ្យគំរោងជាច្រើនត្រូវបានពន្យាពេល។
អគ្គនាយករងក្រុមហ៊ុនOCIC លោក ទូច សំណាង បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ផែនការអភិវឌ្ឍន៍ទីក្រុងនេះ បាននិងកំពុងដើរតាមផែនការមេរបស់ខ្លួន ដោយយើងនឹងអភិវឌ្ឍន៍ជាទីក្រុងបែបវ័យឆ្លាត ដែលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋយ៉ាងត្រឹមត្រូវ ដើម្បីដើរតាមទស្សនទាននៃការអភិវឌ្ឍរបស់យើង។ លោកបន្តថា ទីក្រុងរណបនេះនឹងរៀបចំអភិវឌ្ឍន៍ដូចតំបន់ពាណិជ្ជកម្ម ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស។
លោកបន្តថា “ទីក្រុងនេះ នឹងមានអាគារខ្ពស់កាន់តែច្រើននាពេលខាងមុខ ហើយ អាគារទាំងនោះបានពន្យាពេលសាងសង់ ដោយសារវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩”។លោកបន្តថា “បច្ចុប្បន្នការសាងសង់ស្ពានយោងដោយខ្សែកាប កំពុងដំណើរការយ៉ាងរលូន ដែលវានឹងជួយសម្រួលចរាចរណ៍រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦”។
ទីក្រុងរណបនេះ បច្ចុប្បន្នទើបមានអាគារខ្ពស់មួយ គឺការិយាល័យកណ្តាលរបស់ក្រុមហ៊ុនOCIC ដែលមានកំពស់២១ជាន់។ ទីក្រុងរណបជ្រោយចង្វារ ត្រូវបានដាក់ឈ្មោះទីក្រុងនៃអនាគត។
លោកទូច សំណាងបានបន្តថា ហេដ្ឋារចនាសម្ព័ន្ឋធំៗក្នុងទីក្រុងនេះ បានបញ្ចប់រួចរាល់ហើយ នៅតែផ្លូវតូចៗមួយចំនួនដែលបាននិងកំពុងរៀបចំជាបន្តបន្ទាប់។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងនេះនឹងជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសទីតាំងរបស់ទីក្រុងនេះមានសក្តានុពលខ្ពស់ ដោយសារទីតាំងមានចម្ងាយកៀកបំផុតនឹងមជ្ឈមណ្ឌលកណ្តាលរបស់រាជធានីភ្នំពេញ ពិសេសហេដ្ឋារចនាសម្ព័ន្ឋមានភាពសមស្រប និងបានផ្តល់នូវលំហូរចរាចរណ៍ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។
លោកបន្តថា “ជាមួយស្ពានតភ្ជាប់ជាច្រើន ទីក្រុងនេះក៏មានភាពអំណោយផលលើបរិស្ថាន ដោយសារមានទន្លេព័ទ្ឋជុំវិញ ដែលជួយផ្តល់បរិយាកាសរស់នៅប្រកបដោយភាពសុខដុម”៕

