ដោយមានបណ្តោយរហូតដល់ទៅ ៣០,៥៤ ម៉ែត្រ កំពូលរថយន្ត The American Dream គឺជារថយន្តវែងជាងគេបំផុតក្នុងពិភពលោក ដែលផលិតដំបូងឡើយកាលពី ៣៥ ឆ្នាំមុន។
រថយន្តនេះភ្ជាប់មកជាមួយនូវលក្ខណៈពិសេសដែលស័ក្តិសមសម្រាប់ស្តេច រួមទាំងអាងងូតទឹក ទីលានវាយកូនហ្គោលខ្នាតតូច កន្លែងចតឧទ្ធម្ភាគចក្រនិងសូម្បីអាងហែលទឹកដែលមានក្តារសម្រាប់ហក់មុជទឹកទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះអាចបើកបរបានពីចុងទាំងសងខាង អាចផ្ទុកមនុស្សបាន ៧៥នាក់ និងមានកង់ ២៦។
បើប្រៀបធៀប រថយន្តធម្មតាភាគច្រើនមានប្រវែងពី ៣,៦ ទៅ ៤,២ ម៉ែត្រប៉ុណ្ណោះ។
ផលិតឡើងដំបូងនៅទីក្រុងប៊ឺប៊ែង (Burbank) រដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ១៩៨៦ ដោយអ្នកទិញរថយន្តដ៏ល្បីល្បាញ ឈ្មោះ ជេ អូបឺក (Jay Ohrberg) រថយន្ត The American Dream ដើមឡើយមានប្រវែង ១៨,២៨ ម៉ែត្រ និងមានម៉ាស៊ីន V8 មួយគូនៅខាងមុខនិងខាងក្រោយ។
ក្រោយមកលោកអូបឺកបានពង្រីកវាដល់ទៅ ៣០,៥ ម៉ែត្រ មុនពេលឡាននេះត្រូវបានបោះបង់ចោលនៅខាងក្រោយឃ្លាំងមួយនៃរដ្ឋញូវជើស៊ីអស់ជាច្រើនឆ្នាំ ហើយធ្លាក់ចូលទៅក្នុងសភាពទ្រុឌទ្រោម។
ទីបំផុតវាត្រូវបានចុះបញ្ជីលក់នៅលើ eBay កន្លែងដែលវាឆ្លងកាត់ម្ចាស់ថ្មីពីរដង ប៉ុន្តែទីបំផុតត្រូវបានទិញដោយម្ចាស់បច្ចុប្បន្នរបស់វាគឺលោក ម៉ៃឃើល ដេហ្សឺ (Michael Dezer)សម្រាប់ចំនួនទឹកប្រាក់ដែលមិនបានបង្ហាញ។
បន្ទាប់មកគាត់បានជ្រើសរើសម្ចាស់បណ្ដោះអាសន្នរបស់វាគឺលោក ម៉ៃឃើល មែននីង (Michael Manning) ដើម្បីជួយស្ដារវាឡើងវិញ ហើយនៅថ្ងៃទី ១ ខែមីនាឆ្នាំ២០២២ឡាននេះត្រូវបានទទួលស្គាល់ជាផ្លូវការសម្រាប់ការបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេសសម្រាប់ការលូតប្រវែងបន្ថែមពីរបីអ៊ីញ។
គម្រោងជួសជុលឡើងវិញ ដែលចំណាយអស់ជាង ២៥០.០០០ ដុល្លារក្នុងការដឹកជញ្ជូន ទិញសម្ភារៈ និងកម្លាំងពលកម្ម បានចំណាយពេលបីឆ្នាំដើម្បីបញ្ចប់។
លោកមែននីងបាននិយាយថា “យើងត្រូវស្វែងរកប្រភពគ្រឿងបន្លាស់មួយចំនួន ព្រោះវាបានខូចអស់ហើយ”។
“វាពិបាកណាស់ក្នុងការស្វែងរកដំបូល Oldsmobile Vista Cruiser សម្រាប់លក់ ប៉ុន្តែខ្ញុំបានរកឃើញមនុស្សម្នាក់ដែលបានកាត់ដំបូលរក្សាទុកអស់រយៈពេល ៣០ ឆ្នាំ ដែលសុខចិត្តលក់វាចេញ”។
រថយន្ត American Dream ដើមឡើយមានឈ្មោះល្បីល្បាញក្នុងឆ្នាំ ១៩៨៦ នៅពេលដែលវាត្រូវបានទទួលស្គាល់ជាលើកដំបូងដោយកំណត់ត្រាពិភពលោកហ្គីនណេស (Guinness World Records) ក្នុងនាមជារថយន្តវែងជាងគេលើពិភពលោក។
ក្នុងនាមជាយានជំនិះពិសេសបំផុតមួយមិនធ្លាប់មាន រថយន្តដ៏វែងនេះត្រូវបានជួលជាញឹកញាប់សម្រាប់ការបង្ហាញខ្លួនក្នុងភាពយន្តជាច្រើន។
ប៉ុន្តែបន្ទាប់ពីពិភពលោកលែងមានចំណាប់អារម្មណ៍ រថយន្តនេះបានទុកចោលគ្មានអ្នកនឹកនាអស់រយៈពេលជាច្រើនឆ្នាំ ហើយចាប់ផ្តើមច្រែះចាប់ រហូតដល់ផ្នែកខ្លះរបស់វាមិនអាចស្តារវិញបានទេ៕






កំពូលរថយន្ត The American Dream ត្រូវបានស្តារឡើងវិញដោយចំណាយអស់ ២៥ ម៉ឺនដុល្លារ