Connect with us

ព័ត៌មានជាតិ

ច្បាស់លការហើយ! គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅចុងខែវិច្ឆិកានេះ

គម្រោងស្ថាបនាហេដ្ឋារចនាសម្ពន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប  គ្រោងនឹងបើកករដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធរណការ និងដឹកជញ្ជូនបានចុះពិនិត្យ​ អំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ មន្ទីរពិសោធន៍ ក្នុងការស្ថាបនាផ្លូវ ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទងនឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែឱ្យប្រព្រឹត្តទៅដោយរលូន។

បើតាមលោកទេសរដ្ឋមន្ត្រីបានបន្ដថា ហេដ្ឋារចនាសម្ពន្ធផ្លូវទាំង ៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួន ៦អង្គភាព បែងចែកជាកំណាត់ៗប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ ពេលវេលាតាមការគ្រោងទុក។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្រុមការងារក្រសួងនឹងធ្វើការចុះពិនិត្យតាមដានលើលក្ខណបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ពន្ធផ្លូវទាំង ៣៨ខ្សែនេះ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាម លក្ខខណ្ឌ តម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។

អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ រួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

ការសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះប្រភេទទីមួយចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ AC ពីលើទេ ប្រភេទទីពីរចាក់បេតុងកម្រាស់ ២០ សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧ សង់ទីម៉ែត្រ យោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥ សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ពន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook