ភ្នំពេញ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានលើកឡើង ៤ចំណុច ជាការឆ្លើយតបអំពីកង្វល់ និងរបាយការណ៍របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិអំពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសទាក់ទងទៅនឹងការលើកឡើង អំពីការរឹតត្បិតមកលើសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យខាងលើ បានគូសបញ្ជាក់ថា មាន៤ចំណុច ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ក្នុងនោះរួមមាន៖ ១. របាយការណ៍នេះ មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថាការសន្និដ្ឋាន របស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពែលដែល សមត្ថកិច្ចអនុវត្តន៍ច្បាប់ចំពោះសកម្មជននិងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស។
តែគេមិនខ្ចីខ្វល់និងធ្វើការវិភាគវែកញែកពីទង្វើ និងសកម្មភាពរបស់ក្រុមគោលដៅទាំងនោះឡើយ ថាតើវាជាសកម្មភាពការពារសិទ្ធិមនស្ស ឬជាការប្រព្រឹត្តបទល្មើស ហើយវាមានមូលដ្ឋាន និងធាតុផ្សំគ្រប់គ្រាន់បង្កើតបានជាបទល្មើសតាម បញ្ញត្តិច្បាប់របស់កម្ពុជាដែរ ឬអត់ ហើយពួកគេបានធ្វើអ្វីខ្លះបានជានាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់យ៉ាងដូច្នេះ។
២. រដ្ឋាភិបាល និងសមត្ថកិច្ច មិនបានធ្វើទុក្ខបុកម្នេញលើអ្នក ការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះដែលបានដំណើរការនីតិវិធីតាមផ្លូវតុលាការ ដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ។
៣. ការស៊ីឈ្នួលជួបជុំតវ៉ា និងអនុវត្តន៍តាមផែនការខុសច្បាប់របស់អង្គការចលនាចាត់តាំងក្រៅច្បាប់ ក្នុងចេតនាទុច្ចរិតបង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាសកម្មភាពការពារសិទ្ធិមនុស្សនោះទេ ហើយអ្នកដែលអនុវត្តន៍នូវសកម្មភាពនិងផែនការទាំងនោះ ក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សនោះដែរ។ តែផ្ទុយទៅវិញ វាជាអំពើល្មើសទៅនឹងច្បាប់ ហើយដែលអ្នកប្រព្រឹត្តអំពើល្មើសច្បាប់ទាំងនោះក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមានផងដែរ។
និង៤. រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យ ដែលស្ថិតក្នុងក្របខ័ណ្ឌច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរនូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ចំពោះក្រុមដែលមានផែនការនិងចេតនាទុច្ចរិត បង្កនូវភាពចលាចល និងអសន្តិសុខក្នុងសង្គម ក្រោមរូបភាពនិងលេសសិទ្ធិមនុស្ស ក្នុងគោលដៅការពារសិទ្ធិសេរីភាពអ្នកដទៃ និងថែរក្សានូវសន្តិសុខ ស្ថេរភាពសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ។

គួរបញ្ជាកើផងដែរថា ការលើកឡើងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដែលបានសម្ដែងកង្វល់អំពីការបន្ដឹងការរឹតត្បិតលើសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា និងបានអំពាវឱ្យបញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនជាប្រព័ន្ធ និងការផ្ដន្ទាទោសព្រហ្មទណ្ឌដល់អ្នកការពារសិទ្ធិមនុស្ស៕