S… 25 Mar 2022 អ៊ុយក្រែន ៖ ទីក្រុងគៀវនិងទីក្រុងមូស្គូបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ មីនាថា រុស្ស៊ីនិងអ៊ុយក្រែនបានដោះដូរឈ្លើយសឹក នៅក្នុងអ្វីដែលអ៊ុយក្រែននិយាយថាជាការដោះដូរទាហានលើកដំបូង ចាប់តាំងពីទីក្រុងមូស្គូបានបញ្ជាឱ្យទាហានចូលអ៊ុយក្រែនកាលពីមួយខែមុន។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី អៀរីណា វើរ៉េសឆាក់ (Iryna Vereshchuk)បានសរសេរនៅលើហ្វេសប៊ុកថា “តាមបញ្ជាពីប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេលេនស្គីការដោះដូរឈ្លើយសឹកពេញលេញជាលើកដំបូងត្រូវបានធ្វើឡើង”។
លោកស្រីបាននិយាយថា “ជាថ្នូរនឹងទាហានឈ្លានពាន១០ នាក់ដែលត្រូវបានចាប់ខ្លួន យើងបានជួយសង្គ្រោះទាហានរបស់យើង ១០ នាក់” ដោយសំដៅទៅលើកងទ័ពរុស្ស៊ីនិងអ៊ុយក្រែន។
លោកស្រីវើរ៉េសឆាក់ក៏និយាយផងដែរថា នាវិកស៊ីវិលរុស្ស៊ី ១១ នាក់ដែលត្រូវបានជួយសង្គ្រោះនៅជិតទីក្រុងកំពង់ផែអូដេសសា (Odessa)នៃសមុទ្រខ្មៅត្រូវបានដោះដូរជាមួយសមាជិកនាវិកកប៉ាល់ស៊ីវិលអ៊ុយក្រែន ១៩ នាក់ ដែលចាប់ខ្លួនដោយទីក្រុងមូស្គូ។
គួរបញ្ជាក់ថា៖ អ្នកឃ្លាំមើលសិទ្ធិមនុស្សរុស្ស៊ីលោកស្រី តាទីយ៉ាណា ម៉ូស្កាកូវ៉ា (Tatiana Moskalkova) បាននិយាយទាក់ទងនឹងការដោះដូរទាហានរុស្ស៊ី ១០នាក់ដែលត្រូវបានឃុំខ្លួននៅលើទឹកដីអ៊ុយក្រែនសម្រាប់ទាហានអ៊ុយក្រែន ១០ នាក់។ ហើយក៏មានការដោះដូរនាវិកស៊ីវិលរុស្ស៊ីសម្រាប់នាវិកស៊ីវិលអ៊ុយក្រែនផងដែរ”។
សូមបញ្ជាក់ថា៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅដើមសប្តាហ៍នេះថា ទីក្រុងមូស្គូបានបំពេញការដោះដូរឈ្លើយសឹកចំនួនពីរលើកចាប់តាំងពីខ្លួនបានចាប់ផ្តើមការលុកលុយលើអ៊ុយក្រែនកាលពីចុងខែមុន៕S…25Mar2022
ទាហានអ៊ុយក្រែនល្បាតនៅក្បែរទីក្រុងខាគីវកាលពីថ្ងៃទី២៣មីនា២០២២