មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានី ភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ២០២០នេះថា ក្រុមការងារបាននឹងកំពុងបង្ហើយការងារផ្លូវ ខណៈការដ្ឋាននៅផ្លូវក្រោមដីនេះបានស្ថាបនាជិតរួចរាល់ហើយនោះ។
ប្រភពដដែល បានឲ្យដឹងបន្តថាគិតត្រឹមថ្ងៃទី ១៩ ខែវិចិ្ឆកា ឆ្នាំ២០២០ ការដ្ឋានសម្រេចបាន ៥៨%នៃគម្រោងទាំង ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានី ភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៥៨% ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ។ នេះបើយោងតាមមន្ទីរសាធារណការនិងដឹកជញ្ជូន។

គម្រោងទាំងមូល រួមមានស្ពានចំនួន ៥ កំណាត់គឺ ១) ស្ពានអាកាសមេភ្ជាប់ផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវជាតិលេខ៣ ២) ស្ពានបំបែកភ្ជាប់ផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវវេងស្រេង ៣) ស្ពានកោងភ្ជាប់ផ្លូវវេងស្រេងមកផ្លូវជាតិលេខ៣ ៤) ផ្លូវក្រោមដីភ្ជាប់ផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៤ និង ៥) ផ្លូវលើផ្ទៃដីតភ្ជាប់ផ្លូវជាតិលេខ៤ ទៅផ្លូវសហព័ន្ធរុស្ស៊ី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានី ភ្នំពេញ។

គួរជម្រាប់ជូនដែរថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយនឹងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លាអាមេរិក។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងមក ដោយនឹងប្រើពេល ៣០ខែ ក្នុងការសាងសង់។
នៅពេលសាងសង់រួច គម្រោងនេះ គឺក្លាយជាគម្រោងទី ៦ ក្នុងចំណោមគម្រោងស្ពានអាកាសនៅក្នុងរាជធានីភ្នំពេញចំនួន ៥ ទៀត ដែលកំពុងដាក់ឲ្យប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស ៥មករា (តិចណូ) និងស្ពានអាកាសផ្សារដីហ៊ុយ៕