Connect with us

កងកម្លាំងប្រដាប់អាវុធ

បច្ចេកវិទ្យា Huawei ចូលរួមជាចំណែកមិនអាចខ្វះបាន ក្នុងការបង្កើតប្រព័ន្ធអភិបាលកិច្ចសកល

ក្រុមហ៊ុន Huawei Technologies Co., Ltd. ដែលបានរក្សាប្រតិបត្តិការរឹងមាំក្នុងអាជីវកម្មរបស់ខ្លួន គឺជាសាជីវកម្មបច្ចេកវិទ្យាពហុជាតិរបស់ចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងShenzhen ខេត្តក្វាងទុង ប្រទេសចិន។ ក្នុងការចូលរួមក្នុងកិច្ចប្រជុំសន្និសីទសារព័ត៌មានតាមប្រព័ន្ធOnlineស្តីពីរបាយការណ៍ប្រចាំឆ្នាំ២០២១ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ខ្ញុំយល់ឃើញថា ស្ថិតនៅក្នុងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍ ក្រុមហ៊ុនកំពុងប្រកបការសិក្សាស្រាវជ្រាវលើឧបករណ៍ទូរគមនាគមន៍ គ្រឿងអេឡិចត្រូនិក និងឧបករណ៍ឆ្លាតវៃផ្សេងៗ។ ក្រុមហ៊ុន Huawei ត្រូវបានចាត់ថ្នាក់ជាអ្នកវិនិយោគ R&D ធំជាងគេទីពីរនៅលើពិភពលោកដោយមជ្ឈមណ្ឌលស្រាវជ្រាវរួមសហភាពអឺរ៉ុប (JRC) នៅក្នុងតារាងពិន្ទុវិនិយោគ R&D ឧស្សាហកម្មសហភាពអឺរ៉ុបឆ្នាំ២០២១ និងជាប់ចំណាត់ថ្នាក់ទី៥នៅលើពិភពលោកក្នុងប៉ាតង់របស់សហរដ្ឋអាមេរិក យោងតាមរបាយការណ៍មួយរបស់ Fairview Research’s IFI Claims សេវាកម្មប៉ាតង់។

ក្រុមហ៊ុនបានរក្សាបាននូវប្រតិបត្តិការប្រកបដោយស្ថិរភាពនៅក្នុងអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធ ICT របស់ខ្លួន មើលឃើញថាមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងដែនអាជីវកម្មថ្មីៗដូចជាថាមពលឌីជីថល ហើយបានចាប់ផ្តើមដំណើរការយ៉ាងលឿននៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី។ ចំណុចសំខាន់ចំនួន៣ដែលយើងពិនិត្យទៅក្រុមហ៊ុនHuawei គឺ ១-ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Huawei បានកើនឡើងខ្ពស់បំផុត ហើយក្រុមហ៊ុនបានរក្សានូវរចនាសម្ព័ន្ធហិរញ្ញវត្ថុដែលមានភាពធន់ និងអាចបត់បែនបាន ដែលអាចឱ្យក្រុមហ៊ុនបន្តធ្វើការវិនិយោគតម្រង់ទិសនាពេលអនាគត និងទប់ទល់នឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់ពិភពលោក ២-រក្សាបាននូវការវិនិយោគយ៉ាងច្រើននៅក្នុង R&D និងនវានុវត្តន៍ ដោយការវិនិយោគ R&D របស់ក្រុមហ៊ុនបានឈានដល់កម្រិតខ្ពស់បំផុតក្នុងទស្សវត្សរ៍ចុងក្រោយនេះ ទាំងបរិមាណ និងភាគរយនៃប្រាក់ចំណូល និង៣-រក្សាបាននូវប្រតិបត្តិការប្រកបដោយស្ថិរភាពនៅក្នុងអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធICTរបស់ខ្លួន ហើយបានឃើញការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងដែនអាជីវកម្មថ្មីៗ ដូចជាថាមពលឌីជីថល និងការធានានូវសន្តិសុខCyber។

ដូចដែលយើងបានដឹងរួចមកហើយថាជាមួយនឹងការរីកចម្រើនពហុប៉ូលនៃពិភពលោក សកលភាវូបនីយកម្មសេដ្ឋកិច្ច ពិពិធកម្មនៃវប្បធម៌ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ប្រព័ន្ធអ៊ីនធឺណេតនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ។ ទន្ទឹមនឹងនេះដែរ បញ្ហាផ្សេងៗដូចជា បញ្ហានៃការអភិវឌ្ឍដោយគ្មានតុល្យភាព បទបញ្ញត្តិមិនសមស្រប និងសណ្តាប់ធ្នាប់ដែលគ្មានភាពយុត្តិធម៌ កាន់តែលេចចេញជារូបភាពយ៉ាងច្បាស់នៅក្នុងវិស័យអ៊ីនធឺណេត។ គម្លាតព័ត៌មានវិទ្យារវាងបណ្តាប្រទេស និងតំបន់នានា មានការកើនឡើង ហើយវិធានក្នុងការគ្រប់គ្រងទៅលើលំហអ៊ីនធឺណេត(Cyberspace) ដែលមានស្រាប់ កំពុងជួបប្រទះនូវបញ្ហានៃការឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ប្រទេសភាគច្រើន។ ការរំលោភបំពានទៅលើសិទ្ធិឯកជន និងកម្មសិទ្ធិបញ្ញា ក៏ដូចជាឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតបានកើតឡើងជាញឹកញាប់នៅជុំវិញពិភពលោក។ ការឃ្លាំមើលតាមដានតាមប្រព័ន្ធអ៊ីនធឺណេត ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត និងអំពើភេរវនិយមតាមអ៊ីនធឺណេតបានក្លាយទៅជាវិបត្តិពិភពលោក។ ក្នុងការប្រឈមទៅនឹងវិបត្តិ និងបញ្ហាប្រឈមទាំងនេះ សហគមន៍អន្តរជាតិត្រូវបង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងស្មារតីគោរពគ្នា និងទុកចិត្តគ្នាទៅវិញទៅមក ជំរុញការផ្លាស់ប្តូរប្រព័ន្ធអភិបាលកិច្ចអ៊ីនធឺណេតជាសកល និងធ្វើការរួមគ្នាដើម្បីជំរុញសន្តិភាព សន្តិសុខ ការបើកចំហ និងកិច្ចសហប្រតិបត្តិការក្នុងលំហអ៊ីនធឺណេត ហើយបង្កើតប្រព័ន្ធអភិបាលកិច្ចអ៊ីនធឺណេតជាសកលដែលមានលក្ខណៈពហុភាគី ប្រជាធិបតេយ្យ និងមានតម្លាភាព។

ការណ៍នេះ ក្រុមហ៊ុនHuawei កំពុងក្លាយជាក្រុមហ៊ុនឈានមុខមួយសម្រាប់ប្រទេសចិននិយាយដោយឡែក សម្រាប់ពិភពលោកនិយាយរួមក្នុងការចូលរួមក្នុងការកសាងសណ្តាប់ធ្នាប់Cyberដែលផ្តល់នូវទំនាក់ចិត្តដល់អភិបាលកិច្ចសកលបន្ថែមពីលើបច្ចេកវិទ្យានានាដែលក្រុមហ៊ុនកំពុងផ្តល់ដល់មនុស្សជាតិ។ ជាក់ស្តែងនៅក្នុងជំនួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នៅវិមានសន្តិភាពជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក លីន បៃហ្វេង ប្រធានក្រុមហ៊ុនHuawei ប្រចាំតំបន់ប៉ាស៊ីហ្វិកបានមានប្រសាសន៍ថាសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ពិតជាទទួលបានពីការចូលរួមចំណែករបស់ក្រុមហ៊ុនHuawei ក្នុងការអភិវឌ្ឍវិស័យព័ត៌មានវិទ្យាតាមរយៈការអភិវឌ្ឍធនធានមនុស្ស នាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជននិងប្រជាជន ប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។​ ទាំងនេះក៏ជាការចូលរួមក្នុងការសម្រេចបាននូវគោលនយោបាយនៃការកសាងសហគមន៍ជោគវាសនារួមរវាងបណ្តាប្រទេសនានាក្នុងពិភពលោក។

ជារួមយើងបានដឹងរួចមកហើយថា ក្រុមហ៊ុនHuaweiកំពុងសកម្មចូលរួមនៅក្នុងចរន្តនៃការរក្សាសន្តិសុខអ៊ីនធឺណេត និងលើកកម្ពស់ការអភិវឌ្ឍដែលមានសណ្តាប់ធ្នាប់។ សន្តិសុខ និងការអភិវឌ្ឍ ប្រៀបបានជាស្លាបទាំង២របស់បក្សី ឬកង់ទាំង២របស់រទេះ។ សន្តិសុខធានានូវការអភិវឌ្ឍ ហើយការអភិវឌ្ឍ គឺជាគោលដៅរបស់សន្តិសុខ។ សន្តិសុខអ៊ីនធឺណេតបង្កជាបញ្ហាប្រឈមជាសាកល ហើយគ្មានប្រទេសណាមួយដែលអាចផ្តាច់ខ្លួន ឬរួចផុតពីបញ្ហាប្រឈមទាំងនេះឡើយ។ ការចូលរួមរបស់ក្រុមហ៊ុនHuaweiក្នុងការថែរក្សាសន្តិសុខអ៊ីនធឺណេតគឺជាការទទួលខុសត្រូវរួមមួយរបស់សហគមន៍អន្តរជាតិ។ ក្រុមហ៊ុនHuaweiបានចូលរួមក្នុងការបង្កើតប្រព័ន្ធអភិបាលកិច្ចអ៊ីនធឺណេតមួយដើម្បីលើកកម្ពស់ភាពស្មើគ្នា និងភាពយុត្តិធម៌ ព្រោះអភិបាលកិច្ចអ៊ីនធឺណេតអន្ដរជាតិគួរតែមានលក្ខណៈជាគោលការណ៍ពហុភាគី រួមជាមួយនឹងការចូលរួមពីសំណាក់ភាគីជាច្រើនដែលក្នុងនោះក្រុមហ៊ុនHuaweiជាចំណែកដែលឈានមុខនិងមិនអាចខ្វះបាន៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook