លោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកានោះ បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ វិច្ឆិកានេះ។
ក្រៅពីមានអ្នកសះស្បើយ ក្រសួងក៏ បានបញ្ជាក់ពីករណីវិជ្ជមានថ្មីនៃកូវីដ-១៩ លើបុរសខ្មែរ អាយុ ៥៩ឆ្នាំ ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងដែលបានមកដល់កម្ពុជា នៅថ្ងៃទី១៩ វិច្ឆិកា។ បុរសរូបនេះ មានទីលំនៅ នៅខណ្ឌកំបូល រាជធានីភ្នំពេញ និងត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកដំណើរក្នុងជើងហោះហើរជាមួយបុរសរូបនេះ មានចំនួន៦០នាក់ ដោយ៥៩នាក់ មានលទ្ធផលអវិជ្ជមាន។ ក្នុងចំណោមអ្នកវិជ្ជមាននោះ មាន២០នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលទ័ពអាកាស, ៣៩នាក់ នៅសណ្ឋាគារមួយនៅភ្នំពេញ និង៣នាក់ នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា។
សូមបញ្ជាក់គិតត្រឹមថ្ងៃទី ២១វិច្ឆិកា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៣០៥នាក់ ក្នុងនោះ ជាសះស្បើយចំនួន ២៩៥នាក់។ តាមក្រសួងសុខាភិបាល មានអ្នកជំងឺ៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង២នាក់ទៀតកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម៕