Connect with us

ព័ត៌មានជាតិ

មន្ត្រីនាំពាក្យ ៖ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​ អាច​នឹងសាងសង់រួច​នៅដើមឆ្នាំ២០២២ ខាងមុខ

ភ្នំពេញៈ គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ អាច​នឹង​បញ្ចប់​តាម​ផែន​ការដែល​បានគ្រោង​ទុក គឺ​នៅក្នុង​ឆមាស​ទី១ ឆ្នាំ ២០២២ ។ នេះ​បើតាម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ឲ្យដឹងតាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក កាលពីពេលថ្មីៗនេះថា គិត​មកទល់ពេលនេះ ការសាងសង់​ផ្លូវ​ល្បឿន លឿន​សម្រេចបាន ២៦,៨៦ភាគរយ​ហើយ ដោយ​ការសាងសង់​កំពុងមាន​ដំណើរ​ទៅមុខ​ជាប្រចាំ ទោះបី​មាន​វិបត្តិ​សកល​អូស​បន្លាយពេល​យ៉ាងណាក្តី។

លោកបានបញ្ជាក់ថា មន្ត្រី​ជំនាញ​របស់​ក្រសួង សាធារណការ​តែងតែ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​សាងសង់ ដើម្បី​អាច​បញ្ចប់​បាន​ទៅតាម​ផែនការ។ ពោលលោកថា បច្ចុប្បន្នដំណើរការ​សាងសង់​ផ្លូវ ល្បឿន​លឿន​នេះ​កំពុង​ដើរ​ស្របគ្នា​ជាមួយនឹង​ផែនការ ដែល​បាន​កំណត់ទុក ដែល​អាច​បញ្ចប់​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២២ ។

លោកបានថ្លែងដូច្នេះថា៖ «ជាទូទៅ ដូចជាមិនមាន[ការររអាក់រអួល]ទេ តែគ្រាន់តែថាគាត់ [ក្រុមហ៊ុនសាងសង់] បន្ថយ មន្រ្តីរបស់គាត់ទៅចឹងទៅ គាត់អត់សូវត្រឡប់មកវិញ…ហើយសំភារៈសំណង់ខ្លះ អាចប៉ះពាល់តិចតួច អានឹងរឿងដឹកជញ្ជូនទេៗ»។

គួរបញ្ជាក់ផងដែរថា ផ្លូវនេះគឺផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ។ ផ្លូវ​ល្បឿន​លឿននេះ ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ ទី២២ ខែ មីនា ឆ្នាំ ២០១៩ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែល​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ ១៩០០លាន​ដុល្លារ។

ផ្លូវ​ល្បឿន​លឿនទី១ នៅ​កម្ពុជា ដែលមាន​ប្រវែង​សរុប​ជាង១៩០ គីឡូម៉ែត្រ​នេះ​ត​ភ្ជាប់​ពី​សង្កាត់ សំរោងក្រោម ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់ ខេត្ត កណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២ គីឡូម៉ែត្រ និង ខេត្ត​ព្រះសីហនុ​មាន​ប្រវែង ៨៩,៨៩ គីឡូម៉ែត្រ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook