សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានសម្រេចផ្តល់នូវអំណោយម៉ាស់់ចំនួន២លាននិងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀតជូនដល់រដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩។នេះបើយោងតាមសារ លិខិតរបស់សម្តេច ផ្ញើជូនលោក ស្រី អោង សានស៊ូជី( Daw Aung San Suu Kyi ) ទីប្រឹក្សារដ្ឋសាធារណរដ្ឋសភាពមីយ៉ាន់ម៉ានៅថ្ងៃទី ២៤ វិច្ឆិកានេះ ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានចាត់តាំងឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជានាំយកអំណោយម៉ាស់់ និងសម្ភារៈវេជ្ជសាស្ត្រទាំងនេះទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ាតាមរយៈយន្តហោះពិសេសនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

ក្នុងលិខិតសម្តេច ហ៊ុន សែន ផ្ញើជូនលោកស្រី អោង សានស៊ូជី មានខ្លឹមសារថា «ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយលោកជំទាវ [អោង សានស៊ូជី]ក្នុងកិច្ចខិតខំប្រឹងប្រែងបង្កាការរីករាលដាលជំងឺកូវីដ១៩តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាស់ចំនួន ២ ០០០ ០០០ (ពីរលាន) និង សម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀតដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ា។
ទន្ទឹមនេះសម្តេចថា «ខ្ញុំចាត់ តាំងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរនៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០ តាមយន្តហោះពិសេស ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះខ្ញុំមានជំនឿយ៉ាងមុតមាំថាយើងនឹងទទួលបាននូវជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញ យ៉ាងរឹងមាំជាមួយគ្នា»។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាជាថ្មីម្តងទៀត ក៏បានចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះលោកស្រី អោង សានស៊ូជី ចំពោះជ័យជម្នះយ៉ាងភ្លូក ទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោងសកលនៅមីយ៉ាន់ម៉ានាពេលថ្មីៗនេះ។
គួររំលឹកថាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏បានផ្តល់នូវអំណោយរួមមាន ម៉ាស់ចំនួន២លាន១សែននិងបរិក្ខារពេទ្យសរុបចំនួន១២មុខជូនរដ្ឋាភិបាលនិងប្រជាជនឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ៕

