Connect with us

ព័ត៌មានជាតិ

ស្ពានមិត្តភាពកម្ពុជា-ចិន តម្លៃជិត៥៧​លាន​ដុល្លារ នឹងចាក់ភ្ជាប់មុខតំណ»នៅថ្ងៃទី៧ធ្នូ

កំពង់ចាម៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នឹងចាប់ផ្តើមចាក់បេតុងតភ្ជាប់មុខតំណនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។បច្ចុប្បន្នស្ពាននេះស្ពាននេះសម្រេចបាន៩៦,៤% និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ។
រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន លោក លឹម ស៊ីដេនីន បានឲ្យដឹងថា ក្រសួងបានប្រជុំត្រៀមរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទ ក្រសួង។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលអនុវត្តការងារ។
ថ្លែងក្នុងកិច្ចប្រជុំ លោក​លឹម ស៊ីដេនីន បានណែនាំឱ្យសមាជិកសមាជិកាគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុកត្រៀមរៀបចំពិធីនេះបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការចាត់តាំង និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រព្រឹត្តទៅដោយរលូនតាមផែនការដែលបានគ្រោងទុក។

គម្រោងសាងសង់ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ គិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្ពាននេះសម្រេចបាន៩៦,៤% និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ។
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា ស្ពាន​នេះ គឺជាចំណាយ​ថវិកា​ជិត ៥៧​លាន​ដុល្លារ ​ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ រួមជាមួយ​ថវិកា បដិភាគ​របស់​រាជ​រ​ដ្ឋា​ភិ​បាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង បោសសំអាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook