Connect with us

ព័ត៌មានជាតិ

កូរ៉េ​នៅតែ​ទទួល​ពលករ​កម្ពុជា​ឱ្យធ្វើ​ការ​នៅ​ប្រទេស​ខ្លួន ទោះបី​ស្ថិតក្នុង​ដំណាក់កាល​ពិបាក​ដោយសារ​ជំងឺ​កូ​វីដ​-១៩

ភ្នំពេញ​៖ សាធារណរដ្ឋ​កូរ៉េ​នៅតែ ព្រម​ទទួលយក​ពលករ​កម្ពុ​ជា​ឱ្យ​ធ្វើការ​នៅ​ប្រទេស​ខ្លួន ទោះបី​ស្ថិតក្នុង​ដំណាក់កាល​ពិបាក​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដោយសារ​និយោជក​ពេញចិត្ត​នឹង សមត្ថភាព ភាពស្មោះត្រង់​របស់​ពល​ករ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ពលករ​កម្ពុជា​ប្រមាណ​ជិត ៥០,០០០​នាក់ កំពុង​បម្រើ​ការងារ​លើ​វិស័យ​នានា​នៅ​ប្រទេស​នេះ ​។​

ការលើកឡើង​នេះ នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក Park Heung Kyeong ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នៅ​ទីស្ដីការក្រសួង​ការងារ​។​
​ ​

លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើង​ពី​វឌ្ឍនភាព​លើ​វិស័យ​ការងារ និង​បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​កើតចេញពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​តាំងពី​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ឆ្នាំ​១៩៩៧​មក​។​ ​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែម​អំពី​កិច្ចសហប្រតិបត្តិការ​នា​ពេលកន្លងមក​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ក្នុង​នោះបាន​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ​ក្នុង​ឆ្នាំ​២០១៩ ឱ្យ​ឈានដល់​ជាង ១,៥០០ លាន​ដុល្លារ​អាម៉េរិក​។ ទុនវិនិយោគ​មកពី​ប្រទេស​កូរ៉េ​នៅ​កម្ពុជា មានតម្លៃ​ជាង ៥​ពាន់​លាន​ដុល្លារ​អាម៉េរិក គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ និង​បានធ្វើឱ្យ​កូរ៉េ ក្លាយជា​ប្រទេស​ទី​២ ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​បាន​បន្តថា កម្ពុជា និង​កូរ៉េ កំពុង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី ឈានទៅ​ចុះហត្ថលេខា​ដាក់ឱ្យ​ដំណើរការ​ជា​ធរមាន នាពេល​ឆាប់ៗ​នេះ​។ កិច្ចព្រមព្រៀង​នេះ នឹង​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​កាន់តែ​មានការ​កើនឡើង ហើយ​វិនិយោគិន​កូរ៉េ ក៏​នឹង​មក​កម្ពុជា​បន្ថែម ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ជាច្រើន​ទៀត​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៅ​លោក​អគ្គរដ្ឋទូត​ថា សម្រាប់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងនាម​លោក​ជា​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ លោក​នឹង​ខិតខំ​ពិនិត្យ​ដោះស្រាយ គាំទ្រ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​ទៅលើ​កិច្ច​សម្រួល ពាណិជ្ជកម្ម​នានា​ពាក់ព័ន្ធ​ទៅនឹង​អ្នក​វិ​និ​យោ​ទុន​កូរ៉េ ដែលមាន​បំណង​ចូលមក​ធ្វើការ​វិនិយោគ នៅ​កម្ពុជា​។
​ ​

​នៅក្នុង​ជំនួប​នេះដែរ​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​កូរ៉េ ដែល​កន្លង មក​បាន​ជួយ​ដល់ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដើម្បីឱ្យ​អង្គភាព​មួយ​នេះ​មាន ប្រសិទ្ធភាព​ក្នុង​ការផ្តល់សេវា​ការងារ ជូន​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ ក៏ដូចជា​និយោជក ដែលមាន​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​។ ចំណែក​ផ្នែក​បណ្តុះបណ្តាល​បច្ចេកទេស វិជ្ជាជីវៈ តាមរយៈ​អង្គការ KOSHA បាន​ជួយ​បណ្តុះបណ្តាល​មន្ត្រី​កម្ពុជា និង​បាន​បង្កើត​នូវ វិទ្យាស្ថាន​បណ្តុះបណ្តាល​ព​ហុប​ច្ចេកទេស​កម្ពុជា​(NPIC) ដែលជា​វិទ្យាស្ថាន​មួយ មាន​បច្ចេក ទេស​ស្តង់ដារ​ខ្ពស់ ព្រមទាំង​មានការ​គាំទ្រ​ពី​សាធារណជន សិស្ស និស្សិត​ខ្លាំង​ផងដែរ​។ ចំពោះ​បេឡា​ជាតិ​សន្តិសុខ​សង្គម ក៏​ភាគី​កូរ៉េ​ជួយ​ទៅលើ​បច្ចេកទេស​ជាច្រើន ដល់​កម្ពុជា ដោយ​អនុវត្តន៍​បាន​ជោគជ័យ​ទៅលើ​របប​គ្រោះថ្នាក់​ការងារ ដើម្បី​ការពារ​កម្មករនិយោជិត ករណី​ជួប​គ្រោះថ្នាក់​អ្វីមួយ ក្នុងពេល​បំពេញការងារ​ខ្លួន រួមទាំង​របប​ថែទាំ​សុខភាព​ជាដើម​។ កិច្ចសហប្រតិបត្តិការ របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅតែ​បន្ត​រហូតមក​។​

ទន្ទឹមនេះដែរ ភាគី​កូរ៉េ​កំពុង​ជួយ​កម្ពុជា​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ស្តីពី​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​កម្ពុជា មិនទាន់មាន​ច្បាប់​នេះ​នៅឡើយ នាពេល​អនាគត​កម្ពុជា នឹង​បង្កើតឱ្យមាន​ក្របខ័ណ្ឌ​ច្បាប់​នេះ ដើម្បី​ធានាបាន​ប្រសើរ​ថែមទាំង លើ​ការការពារ សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ​។ ​ជាមួយគ្នានេះ ភាគី​កូរ៉េ​គ្រោង​នឹង​បង្កើត​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​បណ្តុះបណ្តាល​ដល់​ភាគី​ពាក់ព័ន្ធ​ឱ្យ យល់​ពី​ប្រព័ន្ធ​សុវត្ថិភាព និង​សុខភាព​នៅ​កន្លែងធ្វើការ​។

​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​-​ទទួល​ពលករ កម្ពុជា​ធ្វើការ​នៅ​ប្រទេស​កូរ៉េ លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​លើកឡើងថា បន្ទាប់ពី​ស្ថានភាព កូ​វីដ​-១៩ នៅ​ប្រទេស​កូរ៉េ​មាន​ភាព​ធូរស្រាល ដែល​អាច​ទទួលយក​ក​ម្លាំ​ង​ពលកម្ម​បរទេស​បាន កម្ពុជា​រំពឹងថា​នឹង​ក្លាយជា​ប្រទេស​អាទិភាព​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន ១៥​ផ្សេងទៀត ដោយសារ​កម្ពុ​ជាមាន​ស្ថានភាព​កូ​វីដ​ល្អប្រសើរ មាន​ជើងហោះហើរ​ច្រើន​។​

​លោក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​បាន​លើកឡើងថា នៅក្នុង​ឆ្នាំ​២០១៩ ពលករ​កម្ពុ​ជាមាន​ចំនួន​ច្រើនជាងគេ ក្នុងចំណោម​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយ​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​នៅតែ អនុញ្ញាត​ទទួល​ពលករ​កម្ពុ​ជាដ​ដែល​។​ ​លោក​ទូត​បាន​បញ្ជាក់ថា «​មូលហេតុ​ដែល​កូរ៉េ​អនុញ្ញាត​ទទួល​ពលករ កម្ពុជា យ៉ាង​ដូច្នេះ គឺ​ដោយសារ​និយោជក​មានការ​ពេញចិត្ត​នឹង​សមត្ថភាព​ខ្ពស់ របស់​ពលករ​កម្ពុជា មាន​ភាពស្មោះត្រង់​នឹង​ការងារ និង​អនុវត្តន៍​តាម​ការណែនាំ របស់​ផ្នែក​សុខាភិបាល​របស់ រដ្ឋាភិបាល​កូរ៉េ​បាន​យ៉ាង​ហ្មត់ចត់​»​។​

​សូមជម្រាបថា ចាប់ពី​ឆ្នាំ​២០០៧​មក កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប ៦៨,២៩៤ នាក់ (​ស្រី ១៤,២៥៥ នាក់​) ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ដែល​រួមមាន​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់ ដែល​អាណត្តិ​ការងារ​មាន​រយៈពេល ៤​ឆ្នាំ ១០​ខែ ខណៈដែល​បច្ចុប្បន្ន ពលករ កម្ពុជា​ដែល​កំពុងធ្វើការ​នៅ​កូរ៉េ​មាន​ចំនួន​ជិត ៥០,០០០​នាក់​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook