(ភ្នំពេញ)៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសំដែងការគួសម។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានប្រគល់ជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី នូវមូលទានប័ត្រនៃវិភាគទានជារូបិយវត្ថុរបស់រដ្ឋាភិបាលម៉ាឡេស៊ី ចំនួន ២៥០០០ដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ជនរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជាក្នុងពេលថ្មីៗនេះ៕


