Connect with us

កងកម្លាំងប្រដាប់អាវុធ

សហព័ន្ធហែលទឹកបង្កើនការហ្វឹកហាត់វិញ្ញាសាថ្មីបំផុតហែលជើងទា ត្រៀមស៊ីហ្គេម ២០២២

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡា ហែលទឹកកំពុងបង្កើនការហ្វឹកហាត់លើវិញ្ញាសាថ្មី «ហែលជើងទា (Fin Swimming)» ដល់កីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនចំនួន៦នាក់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀត ណាម ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១២ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២។

លោក ហែមថុន ពន្លឺ គ្រូបង្វឹកជម្រើសជាតិហែលទឹក ផ្នែកវិញ្ញាសាហែលជើងទានេះបញ្ជាក់ថា ការហ្វឹកហាត់ត្រៀមនេះត្រូវបានធ្វើឡើងពីរពេល ក្នុង១ថ្ងៃៗ ដោយពេលព្រឹក៣ម៉ោង និងពេលល្ងាច ៣ម៉ោង។ លក្ខណៈបច្ចេក ទេសនៃហែលជើងទានេះត្រូវបានបែងចែកជាពីរ គឺ Bi Fin ដោយត្រូវហែលតាមរបៀបសេរី និងបំពាក់បំពង់ដក ដង្ហើមមិនអនុញ្ញាតឲ្យងើបមុខទេ។ ចំណែកឯវិញ្ញាសា Surface ត្រូវបំពាក់ជើងទាធំ (ដូចកន្ទុយត្រី) ដោយមិនហែលទេ គឺគោះជើងសុទ្ធ និងប្រើបំពង់ដកដង្ហើមដូចគ្នា។

គ្រូជម្រើសជាតិរូបនេះបន្ថែមថា Fin Swimming នេះគឺជាវិញ្ញាសាថ្មីសម្រាប់កម្ពុជា ខណៈការហ្វឹកហាត់ក៏ជួបការលំបាកខ្លះៗដែរ មិនដូចហែល ទឹកធម្មតាទេ។លោក ហែមថុន ពន្លឺ សង្កត់ ធ្ងន់ថា រយៈពេលហ្វឹកហាត់ត្រៀមស៊ីហ្គេម នាខែក្រោយ នៅប្រទេសវៀតណាម គឺក្រុមហែលជើងទាកម្ពុជាមានរយៈពេលប្រមាណ៤០ថ្ងៃប៉ុណ្ណោះ ដែលនេះជារយៈ ពេលដ៏ខ្លី។ ដោយសារនេះជាវិញ្ញាសាថ្មីមួយបំផុត ហើយគ្រូបង្វឹករូបនេះ ក៏មិនទាន់ស៊ីជម្រៅខ្លាំងលើផ្នែកបច្ចេក ទេសនេះដែរ ដោយគ្រាន់តែខិតខំសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកបច្ចេកទេសមកបង្ហាត់កូនក្រុម។

ទោះបី នេះជាវិញ្ញាសាថ្មីសម្រាប់កម្ពុជា និងចូលរួមប្រកួតប្រជែងជាលើកដំបូងស៊ីហ្គេម ឆ្នាំនេះក៏ពិតមែន ប៉ុន្តែគ្រូជម្រើសជាតិរូបនេះដាក់ក្តីរំពឹងថា កីឡាករ កីឡាការិនីហែលជើងទានឹងធ្វើបានលទ្ធផលល្អ ដើម្បីវាស់ស្ទង់គុណភាពត្រៀមស្នើដាក់ បញ្ចូលវិញ្ញាសាហែលជើងទា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

គ្រូជម្រើសជាតិ បានបញ្ជាក់ថា អ្វីដែលយើងខិតខំជំរុញលើវិញ្ញាសាថ្មីបំផុតនេះ គឺដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីអភិវឌ្ឍឆ្ពោះទៅថ្ងៃអនាគត។ ប្រសិនកម្ពុជាមានលទ្ធផលល្អ ក្នុងស៊ីហ្គេម ២០២២ យើងនឹងទាញយកវិញ្ញាសានេះមករៀបចំស្វែងរកមេដាយ នាស៊ីហ្គេម ២០២៣ នៅកម្ពុជា។

ចំពោះសមាសភាពកីឡាករ កីឡាការិនីហែលជើងទានេះ មានចំនួន៦នាក់ គឺកីឡាករ៤នាក់មាន លឹម កែវ ឧត្តម, លឹម សុខវឌ្ឍន៍នន្ទ, ទួន ទិត្យសត្យា និងឆោម ច័ន្ទថុន និងកីឡាការិនី២នាក់ គឺកាំង ម៉ុយនីន និងឃឺន ប៊ុនពេជ្រមរកត។ចំពោះវិញ្ញាសាសរុបចំនួន១២ ដែលកម្ពុជានឹងចូលរួមប្រកួត រួមមាន៖ វិញ្ញាសា ១០០ម៉ែត្រ Bi Fin (បុរស-នារី), ៥០ម៉ែត្រ Surface (បុរស-នារី), ១០០ម៉ែត្រ Surface (បុរស-នារី), ៨០០ម៉ែត្រ Surface (នារី), ១៥០០ម៉ែត្រ Surface (បុរស), Relay 4 x 100m Surface (បុរស-នារី), Relay 4 x 200m Surface (បុរស-នារី) និង Relay 4 x 100m Bi-fin Mixed៕

Click to comment

Leave a Reply

Your email address will not be published.

Facebook