Soeun25 Apr 2022 កំពង់ឆ្នាំងៈ រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ដែលស្ថិតក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឆ្នាំ២០២២ នេះ មានភ្ញៀវទេសចរ ចូលមកលេងកម្សាន្តច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងថ្ងៃសម្រាក ពីការងារ។
ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល លោក អ៊ិត អូន បានអោយដឹង នៅថ្ងៃទី២៤ មេសា ២០២២ ចុងសប្តាហ៍នេះថាៈ រយ:ពេល ៣ ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរ ចូលមកលេងកមសាន្ត យ៉ាងច្រើនកកកុញ ខណៈចម្ងាយផ្លូវ ពីទីរួមខេត្ត ទៅដល់រមណីយដ្ឋាន ទឹកធ្លាក់ធម្មជាតិថ្មក្រាលនេះ មានចម្ងាយ ៥៤ គីឡូម៉ែត្រ ជាផ្លូវក្រាលក្រួសក្រហម ។
ប្រធានសហគមន៍ទេសចរណ៍ថ្មក្រាល បានអោយដឹងទៀតថាៈ ឆ្នាំនេះ សហគមន៍ បានសាសង់ខ្ចុស ម្រាប់ភ្ញៀវមកអង្គុយលេងកម្សាន្ត តាមមាត់ទឹកស្ទឹង ហូរចុះមកទាំងតូច ទាំងធំ មាន ៨១ កន្លែង និងកន្លែងលក់ដូរ ៤០ កន្លែង សម្រាប់បំរើតម្រូវការរបស់ភ្ញៀវទេសចរណ៍ ដែលចូលមកលេងកម្សាន្តក្នុងនោះ បានសាងសង់បន្ទប់ទឹក ៥ កន្លែង មាន១កន្កែង ជាជំនួយរបស់ចៃកា ដែលបានជួយឧបត្ថម្ភផង មានកន្លែងចតរថយន្ត និងម៉ូតូធំទូលាយ ។
ក្នុងនោះ សហគមន៍ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល មានគម្រោងសាងសង់សួនច្បារ ១កន្លែង បន្ថែមទៀត សម្រាប់ភ្ញៀវទេសចរ បានថតរូបអនុស្សាវរីយ៍ សម្រាប់ក្រុមគ្រួសារ និងសមិទ្ធផលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែង សហការជាមួយគ្នារវាងអាជ្ញាធរ មូលដ្ឋាន និងសហគមន៍ទេសចរណ៍ ក្នុងតំន់នោះ មានកម្លាំងការពារ រក្សាសន្តិសុខមាន កម្លាំងនគបាល ប្រជាការពារ ដើម្បីការពារបានល្អ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ប្រធានសហគមន៍ទេសចរណ៍ ធម្មជាតិទឹកធ្លាក់ថ្មក្រាល បានបញ្ជាក់ជូនមហាជនទាំងអស់ អោយបានដឹងថាៈ កន្លងមក មានលេចឮថា សហគមន៍យកលុយរថយន្ ត និងម៉ូតូ ហើយ យកលុយភ្ញៀវទេសចរទៀត តែការយកលុយ ដែលពីមុនៗមក មិនមានការយកលុយ នោះទេ។
លោក អ៊ិតអូន បានបញ្ជាក់បន្ថែមទៀតថាៈ ការយកលុយភ្ញៀវទេសចរ គឺសម្រាប់មនុស្ស ពេញវ័យ ក្នុងម្នាក់ ១.០០០ រៀល តែកូនក្មេង មនុស្សចាស់ជរា ជនពិការ ព្រះសង្ឃ ស្ត្រីមានផ្ទៃពោះ ខាងលោកមិនបានយក លុយពួកគាត់ ហើយការយកលុយនេះ គឺសម្រាប់សាងសង់ជួសជុល កែលម្អ នៅក្នុងសហគមន៍នោះទេ។
ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាំង ក៍ដូចជា ភ្ញៀវទេសចរ ចូលមកលេង មានការរអ៊ូរទាំ ដោយសារផ្លូវធ្វើដំណើរ មានការលំបាកខ្លាំង និងបានសូមណូមពរ ដល់អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ មេតា្តជួយជួសជុលកែលម្អ ផ្លូវធ្វើដំណើរ អោយបានល្អ ងាយស្រួលដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ អោយចូលមកលេងកម្សាន្តច្រើន ដើម្បីបងប្អូនប្រជាពលរដ្ឋ សហគមន៍ទេសចរណ៍តំបន់នេះ មានជីវភាពធូរធា ។
បើយោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានអោយដឹងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួនភ្ញៀវទេសចរណ៍ ចូលមកលេង កម្សាន្ត តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាលនេះ មាន ១៧.៥៧៧ នាក់ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលជាភ្ញៀវទេសចរ ទៅលេងកម្សាន្ត នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង សូមមេត្តាចូលរួមថែរក្សាបរិស្ថានទាំងអស់ សហគមន៍យើង ពិសេសសំរាម ដែលបងប្អូនហូបរួចត្រូវច្រកថង់ កុំបោះចោលពាសវាលពាសកាល យើងត្រូវចូលរួមការពារបរិស្ថានទាំងអស់គ្នា ដើម្បីសុខភាពយើង និងសហគមន៍យើង ទីក្រុងស្អាត អនាម័យល្អ ៕
