Connect with us

ព័ត៌មានជាតិ

ដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុត ត្រូវបានតម្រូវឱ្យមករស់នៅ​ទឹកដីកម្ពុជាវិញ

សៀមរាប៖ បន្ទាប់ពីបានធ្វើដំណើរជាច្រើន ម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកានេះកម្ពុជា​បាន​ផ្តល់​ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅក្នុងពិធីទទួលដំរីខាវ៉ាន់នៅអាកាសយានដ្ឋានអន្តរ ជាតិសៀមរាប។

ពិធីទទួលសត្វដំរីខាវ៉ាន់មករស់នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជាបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា នៅព្រ​លា​ន​​យន្តហោះខេត្តសៀមរាបដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ និងមន្ត្រី​ជំនាញ​ផ្សេងទៀ​ត​ និងតំណាងអង្គការអភិរក្សដែនជម្រកសត្វព្រៃ កម្ពុជាដែលជាអ្នកទទួលដំរីខាវ៉ាន់យកទៅថែរក្សានិងការពារ។

ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់​ជម្រ​កថ្មីដែល​មានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែនជម្រកសត្វ​ព្រៃគូលែនព្រហ្មទេពក្នុ​ងភូមិសាស្ត្រ​ខេត្ត ឧត្ត​រមានជ័យ​ដែ​ល​អង្គ​ការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជាបានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។ នៅក្នុង​តំបន់​នោះ មានសត្វដំរីស្រុកញីចំនួន ៣ក្បាលដែលបានយកមកពីខេត្តមណ្ឌលគិរី។

លោកបន្តថា ដំរីខាវ៉ាន់ជាដំរីឈ្មោលមានអាយុ ៣៥ ឆ្នាំត្រូវបានក្រុមអភិរក្សសត្វព្រៃជួយ​សង្គ្រោះពីសួនសត្វមួ​យនៃ​ប្រ​ទេ​ស​ប៉ា​គីស្ថានតាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយ​តុលាកំពូលរ​បស់ប៉ាគី​ស្ថាន​បានសម្រេច​ឱ្យដំ​រីខាវ៉ា​ន់ត្រូវមា​ន​សេ​រី​ភា​ព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់នឹងលែ​ងរ​ស់​នៅក្នុង​ភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃ​ធម្មជាតិនៅក្នុងដែនជម្រក​សត្វព្រៃគូលែន​ព្រហ្ម​ទេ​​ពក្នុ​ងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្រោមការយកចិត្តទុកដាក់ថែរក្សា​ការពារខ្ពស់របស់ក្រសួង​បរិស្ថាននិងអង្គការ​អភិរ​ក្ស​ដែ​​នជម្រកសត្វព្រៃកម្ពុជា(CWS)។ ​

ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះក្រុមអ្នកអភិរក្សសត្វព្រៃអន្តរជាតិ ក៏ដូចជាអ្នកចម្រៀងដ៏ល្បី ស័រ (Cher) រួមនឹ​ង​អង្គ​ការអភិរក្ស​ដែនជម្រកសត្វព្រៃកម្ពុជា (CWS)និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលបានខិតខំជួ​យជ្រោមជ្រែងដើម្បីអាច​ឱ្យ​ដំ​រីអា​ស៊ី​ដ៏​ឯកោមួយក្បាលនេះមានសេរីភាព និងរស់នៅក្នុងព្រៃធម្មជាតិ។ ផ្ទះថ្មីរបស់ដំរីខាវ៉ាន់នៅក្នុងប្រទេស​កម្ពុជាគឺស្ថិត​នៅក្នុង​ដែ​ន​ជម្រកសត្វព្រៃគូលេនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលជាតំបន់ការពារធម្មជាតិ មួយក្នុងចំ​ណោ​ម​តំ​បន់ការពារធម្មជាតិនិងរបៀងអភិ់រក្សជីវៈចម្រុះទាំង ៦៨ កន្លែងរបស់ប្រទេស កម្ពុជា។ កម្ពុជាដែឡ​ត្រូវបានទ​ទួល​ស្គាល់​ដោយ​ពិភពលោ​កថាសម្បូណ៌ដោយជីវចម្រុះជាច្រើន ក្នុងនោះប្រភេទសត្វកម្រជិតផុតពូជបំផុត ជិតផុតពូជនិងប្រភេទ​សត្វ​ដែ​ល​ទទួលការគំរាមកំហែង គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា បានថ្លែងថា ដំរីខាវ៉ាន់គឺជាប្រភេទដំរីអាស៊ីដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រ​ភេទ​ដំរីអាស៊ី​នេះចន្លោះពី ៤០០ ទៅ៦០០ក្បាលដែលកំពុងតែរស់ នៅក្នុងព្រៃនៃតំបន់ការពារធ​ម្មជាតិរបស់ក​ម្ពុជាក្នុង​ខេត្ត​រត​ន​គិ​រី​និង​មណ្ឌលគិរី និងនោក្នុងតំបន់ ជួរភ្នំក្រវ៉ាញ ដោយ​កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលផងដែរ។

លោកថា សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់នេះនឹងត្រូវយកទៅចិញ្ចឹមក្នុងដែន​ជម្រកសត្វព្រៃគូលែនព្រហ្មទេព​ស្ថិតនៅក្នុង​ភូមិអូតា​ម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុក គោលបំណងប​ង្កើតប្រសិ​ទ្ធ​ភា​ពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត ជៀសវាងការបង្កាត់ជាន់ពូជ ​បង្កើននានាពន្ធុ (សេនេ​ទិច​) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញក្នុងវិស័យទេសចរណ៍ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ជាមួយវិធានការអនុវត្តច្បាប់ដ៏តឹងរឹងរបស់សមត្ថកិច្ច និងការខិតខំ​ប្រឹង​​ប្រែ​​ងកា​រពារនិងអភិរក្ស របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើស​បរ​បា​ញ់​សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុកនិងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មាន។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ីក្នុងនោះ«ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG)»ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃ​ឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិង​ជំរុញឱ្យមាន​កំ​ណើ​​ន​​ចំនួនប្រភេទនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បី អភិរក្សស​ត្វដំរីអាស៊ីឱ្យ​នៅគង់វង្ស​ត្រូវបា​ន​រៀបចំ​ឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។

លោក​រដ្ឋលេខាធិការបានបន្តថា យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សស​ត្វដំរីព្រៃអា​ស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមប​ញ្ចូល​គ្នា​​​ទាំ​ងកញ្ចប់​ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook