Connect with us

ព័ត៌មានជាតិ

ស្វាយរៀងក្លាយជាខេត្តដំបូង បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ១០០ភាគរយ

ស្វាយរៀង៖ ខេត្តស្វាយរៀង បានក្លាយជាខេត្តដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានបញ្ចប់​ការបន្ទោ​បង់ពាសវាលពាសកាលទាំងស្រុង (ODF) ១០០ភាគរយ ដោយលទ្ធផល​នេះបង្ហាញពីការរីកចម្រើនជីវភាព និងការយល់ដឹងពីសុខភាពអនាម័យ របស់ប្រជាពលរដ្ឋ នៅ​តាមមូលដ្ឋាន ។

ក្នុងពិធីប្រកាសខេត្តទី១ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ១០០ភាគរយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា លទ្ធផលដ៏ឧដុង្គឧត្តមដែលទទួលបាននៅពេលនេះ គឺបានឆ្លើយ​តបទៅនឹងផែនការ​យុទ្ធសាស្រ្តជាតិ (PSP) និងផែនការសកម្មភាពជាតិ (NSP) ស្តីពីការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិប្រកបដោយចរភាព (SGDs) ដើម្បីរួមចំណែកកាត់បន្ថយភាពក្រក្រីរបស់ប្រជាពលរដ្ឋ ។

ឯកឧត្ដមបន្តថា លទ្ធផលដ៏ល្អប្រសើរនេះ មិនត្រឹមតែបង្ហាញឱ្យឃើញពីការរីកចម្រើន​ផ្នត់គំនិត​របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះ​បញ្ចាំង​ពីការអភិវឌ្ឍ និងជីវភាពរស់នៅល្អប្រសើរ របស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការចូលរួមវិភាគទាន និងម្ចាស់ការក្នុងការសាងសង់បង្គន់អនាម័យប្រើប្រាស់ នៅតាមខ្នងផ្ទះ និងសហគមន៍ ។

ខេត្តស្វាយរៀង បច្ចុប្បន្នមានចំនួនប្រជាជនជាង ៦០ម៉ឺននាក់ ផ្ទៃដីសរុបទូទាំងខេត្ដ មាន ២.៩៦៦,៤០គ.ម២ មានក្រុង២ គឺក្រុងស្វាយរៀង និងក្រុងបាវិត មាន៦ស្រុក ក្នុងនោះស្រុកស្វាយជ្រំ រមាសហែក រំដួល ស្វាយទាប កំពង់រោទិ៍ និងស្រុកចន្ទ្រា, មាន៨០ ឃុំ-សង្កាត់ ស្មើនឹង ៦៩០ភូមិ ។

គួរបញ្ជាក់ថា ពិធីប្រកាសខេត្តទី១ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ១០០ភាគរយ ដំបូងគេនៅកម្ពុជា ក្នុងខេត្តស្វាយរៀងនេះ ធ្វើឡើងក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ថ្នាក់ដឹកនាំ​គ្រប់ជាន់​ថ្នាក់​នៃខេត្ត តំណាងអង្គការដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋជាច្រើននាក់ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook