Connect with us

ព័ត៌មានជាតិ

ការផាកពិន័យ​អ្នក​បើកបរ​ល្មើសច្បាប់​ចរាចរណ៍​នៅ​​ភ្នំពេញ ត្រូវបានផ្អាក​​បណ្ដោះអាសន្ន

ភ្នំពេញ: ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​​ឱ្យ​ផ្អាក​ការផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរា​ច​រ​ណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ជា​បណ្ដោះអាសន្ន ដោយ​ក្នុងនោះ​ក៏​តម្រូវឱ្យ​ផ្អាក​ការពិនិត្យ​ជាតិ​អាល់កុល​នៅ​​ពេ​លយប់​ដូចគ្នា​រហូត​ដល់​រង់ចាំ​ព្រឹ​ត្ដ​ការណ៍«សហគមន៍២៨វិច្ឆិកា»ត្រូវបាន​បិទ​បញ្ចប់ និង​មានការ​ណែនាំ​ជាថ្មី។

តាមរយៈ​សារ​សំឡេង​របស់លោក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១ ខែធ្នូ​បានឱ្យដឹងថា នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ក្នុង​រយៈពេល១៥ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ១រហូតដល់​ថ្ងៃទី ១៥ខែធ្នូ​នេះ ស្នើឱ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ធ្វើ​ការផ្អាក​ការអនុវត្ត​ច្បាប់​ចរា​ចរ​ណ៍​​ផ្លូវគោក​ដែល​កំពុង​អនុវត្ត​ទៅតាម​អនុក្រឹត្យ​លេខ ៣៩សព្វថ្ងៃ​បណ្ដោះអាសន្ន។

លោក​បន្តថា បន្ទាប់មក​នៅ​ថ្ងៃទី ១៦ខែធ្នូ ថ្នាក់ដឹកនាំ​នឹង​ពិចារណា​ឡើងវិញ​ចំពោះ​ការបន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍។ នៅ​អំ​ឡុ​ង​ពេល​ការផ្អាក​ពិន័យ​នេះ មន្ត្រីនគរបាល​ចរាច​រណ៍ ត្រូវតែ​ឈរ​នៅ​គោលដៅ​ដដែល ដោយ​គ្រាន់តែ​ជួយ​សម្រួល​ចរាចរណ៍​ជូន​​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។

លោក ស ថេ​ង បញ្ជាក់ថា៖«ក្រៅពី​ការផ្អាក​ពិន័យ​នេះ ចំពោះ​ការត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅពេល​យប់ ក៏ត្រូវ​បាន​ផ្អាក​ក្នុង​រយៈពេល​ដូចគ្នានេះដែរ។ ដូច្នេះ​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​ស្នងការ​ង​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ទទួលបន្ទុក​នៅ​តា​ម​​ខ​ណ្ឌនីមួយៗទាំង ១៤ ត្រូវតែ​ធ្វើការ​ណែនាំ​តាម​គោលដៅរៀងៗខ្លួន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ»៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook