Connect with us

ព័ត៌មានទាន់ហេតុការណ៍

សហរដ្ឋ​អាម៉េរិក​មិន​ជឿ​រុស្ស៊ី​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ទេ ត្បិត​មាន​វោហា​សាស្ត្រ​សម្លុត​កំហែង​

Soeun 30 Apr 2022 វ៉ាស៊ីតោន ៖          មន្ត្រី​ការពារ​ជាតិ​អាម៉េរិក​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី​២៩ មេសា​ថា​សហរដ្ឋ​អាម៉េរិក​មិន​ជឿ​ថា   ​ការគំរាមកំហែង​ពី​រុស្ស៊ី​អំពី​ការប្រើ​អាវុធ​​នុយក្លេអ៊ែរ​ក្លាយជា​ការពិត​ទេ              បើទោះបីជា​មាន​ការកើនឡើង​វោហា​សាស្ត្រ​គំរាម​ពី​ទីក្រុង​មូ​ស្គូ​នាពេល​ថ្មីៗ​នេះ​ក៏​ដោយ​។​
​មន្ត្រី​រូប​នេះ​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា “​យើង​បន្ត​តាមដាន​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ពួកគេ​ជា​រៀងរាល់ថ្ងៃ​។ វា​ជា​រឿង​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើបាន   ហើយ​យើង​មិន​វាយតម្លៃ​ថា​មាន​ការគំរាមកំហែង​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ និង​គ្មាន​ការគំរាមកំហែង​ដល់​ទឹក​ដី​ណា​តូ​នោះទេ​”​។​

​ទោះជា​យ៉ាងណា      រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ     បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា      លោកខាងលិច​មិនគួរ​មើលស្រាល​ហានិភ័យ​ខ្ពស់​នៃ​ជម្លោះ​នុយក្លេអ៊ែរ​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែន​នោះទេ​។​

​រុស្ស៊ី​បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា        ខ្លួន​គ្រោង​នឹង​ដាក់​ពង្រាយ​មី​ស៊ី​ល​ឆ្លង​ទ្វីប      Sarmat​ដែល​ទើបនឹង​សាកល្បង​ថ្មីៗ​របស់ខ្លួន​ដែល​មាន​សមត្ថភាព​អាច​វាយប្រហារ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​សហរដ្ឋ​​អាម៉េរិក​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខ​។​

​ការព្រួយបារម្ភ​របស់​លោកខាងលិច​ចំពោះ​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​បាន​កើនឡើង      បន្ទាប់​ពី​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន បានចាប់ផ្តើម​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ ជាមួយនឹង​សុន្ទរកថា​មួយ ដែល​ក្នុងនោះ​លោក​បាន​និយាយ​សំដៅ​ទៅ​លើ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ទីក្រុង​មូ​ស្គូ ហើយ​បាន​ព្រមាន​ថា   រាល់​ការប៉ុនប៉ង​ណាមួយ​ដើម្បី​រាំងផ្លូវ​របស់​រុស្ស៊ី​”​នឹង​នាំ​អ្នក​ទៅ​រក​​ផលវិបាក​ដែល​អ្នក​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អ្នក​”​។​

​ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា​លោក​មិន​រំពឹង​ថា​បរាជ័យ​ផ្នែក​យោធា​របស់​រុស្ស៊ី​បន្ថែម​ទៀត​នៅក្នុង​អ៊ុយ​ក្រែ​ននឹង​រុញ​លោកពូទីន​ឱ្យ​ប្រើប្រាស់​អា​វុ​ធ​​នុយក្លេអ៊ែរ​បែប​យុទ្ធសាស្ត្រ​នៅ​ទីនោះ​នោះទេ ដោយ​និយាយថា មេដឹកនាំ​រុស្ស៊ី​មាន​វិធី​ដោះ​ទ័ល​និង​បញ្ចប់​ជម្លោះ​នេះ​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook