ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កុមារ និងស្ត្រីមានផ្ទៃពោះជាង ៨ម៉ឺននាក់បានទៅព្យាបាលជំងឺ និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងខេត្តសៀមរាប។ នេះបើតាមរបាយការណ៍តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា។
តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញថា កុមារឈឺចំនួន ៥៣,៥២៩នាក់ ត្រូវបានព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ។ រីឯ កុមារមានជំងឺធ្ងន់ធ្ងរ ចំនួន ១០,៨៩០នាក់ ,កុមារមានជំងឺគ្រុនឈាម ចំនួន៣១២នាក់ និងកុមារមានជំងឺគ្រុនឈីក ចំនួន៨៦នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ចំណែកឯ កុមារមានជំងឺបេះដូងពីកំណើត ចំនួន ៩០នាក់ ត្រូវបានវះកាត់បេះដូង និងកុមារចំនួន ២,៤៣៦នាក់ បានទទួលការវះកាត់ហើយ។ នេះបើតាមតួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា។
ដោយឡែក ស្ត្រីមានផ្ទៃពោះ ចំនួន ១២,១២៣នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅមន្ទីរសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងសម្រាលកូនបានចំនួន២,១៩៨នាក់។ គួរជម្រាបថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ និងសៀមរាប គឺឥតគិតថ្លៃ៕