ការហ្វឹកហាត់កីឡាករ របស់អង្គរថាយហ្គឺរ រូបពីក្លិប អង្គរថាយហ្គឺរពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២២ (Cambodian League Cup 2022) ឈានដល់ជំនួប លើកទីពីរក្នុងពូលនីមួយៗនៅចុងសប្តាហ៍នេះ។ ការប្រកួតសុទ្ធតែប្រព្រឹត្តទៅនាវេលាម៉ោង៣ និង៤៥នាទី ដូចគ្នា។សម្រាប់ជំនួបពូល A នាថ្ងៃសៅរ៍ ISI ដង្កោសែនជ័យ ត្រូវជួប គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន AEU Sport Park ខណៈកោះកុងអេហ្វស៊ី ជួប ណាហ្គាវើលដ៍ នៅទីលានសាលាបាល់ទាត់ជាតិ។ ដង្កោសែនជ័យ កាលពីសប្តាហ៍ទីមួយ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយណាហ្គាវើលដ៍ ខណៈគិរីវង់សុខសែនជ័យបានយកឈ្នះកោះកុងអែហ្វស៊ី ៥-២។លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានលើកឡើងថា៖«នេះ គឺជាការប្រកួតដ៏តានតឹងមួយ តែយើងសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ។»

នៅក្នុងពូល B សៀមរាបអេហ្វស៊ី ស្វាគមន៍កងយោធពលខេមរភូមិន្ទ (Tiffy Army) នៅកីឡដ្ឋានខេត្តសៀមរាប ស្របពេលដែលកីឡដ្ឋាន EDC របស់អគ្គិសនីកម្ពុជា ទទួលក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង។ កាលពីសប្តាហ៍ទីមួយ ព្រះខ័នរាជស្វាយរៀង ស៊ី សៀមរាប ៦-០ ខណៈកងយោធពលខេមរភូមិន្ទ ឈ្នះ អគ្គិសនីកម្ពុជា ៣-១។
ចូលដល់ថ្ងៃអាទិត្យ ដែលជាជំនួបពូល C សាលាបាល់ទាត់ជាតិបាទី ស្វាគមន៍ភ្នំពេញក្រោន ខណៈនគរបាលជាតិ ប្រើប្រាស់កីឡដ្ឋាន 7NG ក្នុងជំនួបតទល់ជាមួយបឹងកេត។ នាសប្តាហ៍បើកឆាក ភ្នំពេញក្រោនឈ្នះនគរបាលជាតិ ៣-០ ខណៈបឹងកេតឈ្នះសាលាបាល់ទាត់ជាតិ ១-០។សម្រាប់ពូល D ណិចស្តិបអេហ្វស៊ី ដែលប្រើប្រាស់កីឡដ្ឋានហនុមាន ត្រូវប៉ះជាមួយអង្គរថាយហ្គឺរ ដែលស្ថិតក្នុងខេត្តសៀមរាបតែមួយ ស្របពេលដែលម្ចាស់ផ្ទះព្រៃវែង ទទួលវិសាខា។ ព្រៃវែងជាក្រុមលំដាប់ទីពីរតែមួយគត់ដែលបានឈ្នះការប្រកួតជាមួយនឹងលទ្ធផល ១-០ លើអង្គរថាយហ្គឺរ កាលពីសប្តាហ៍បើកឆាក ខណៈវិសាខា ស៊ី ណិចស្តិប ដល់ទៅ៦-០។
ទាក់ទងនឹងការប្រើប្រាស់កីឡាករវ័យក្មេងក្នុងពានរង្វាន់ខេមបូឌានលីគខាប់នេះ លោក Alistair Heath គ្រូបង្វឹកក្លិបអង្គរថាយហ្គឺរ បានបញ្ជាក់ថា ក្លិប ចង់បានការបណ្ដុះបណ្ដាលកីឡាករ និងចង់ឲ្យកីឡាករថ្នាល មានបទពិសោធន៍ច្រើននៅលើទីលាន។
«យើង មានកីឡាករក្មេងៗល្អៗ ជាច្រើនដែលចូលរួមជាមួយក្លិប ហើយវា គឺពិតជាសំខាន់ណាស់ ដែលពួកគេទទួលបានបទពិសោធន៍ ពីការប្រកួតជាច្រើន។»។ គ្រូបង្វឹករូបនេះ បានអះអាងយ៉ាងដូច្នេះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប។
កីឡាករឆ្នើមកាលពីសប្តាហ៍ទីមួយរួមមាន Kento Fujihara (ISI ដង្កោរសែនជ័យ), Robert Ghanasah (គិរីវង់សុខសែនជ័យ), Takumu Nishihara (កងយោធពលខេមរភូមិន្ទ), សឿយ វិសាល (ព្រះខ័នរាជស្វាយរៀង), Zabihi Taher Jahanbakhsh (បឹងកេត), ឌី ផារ៉ាន់ (ព្រៃវែងអែហ្វស៊ី), De Jesus Araujo Marcos Vinicius (វិសាខា) និង Takaki Ose (ភ្នំពេញក្រោន)៕