Connect with us

កងកម្លាំងប្រដាប់អាវុធ

គណៈកម្មាធិការជាតិអូឡាំពិកបានពង្រឹងការហ្វឹកហាត់ដល់កីឡាករកីឡាការិនី ដែលត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

គណៈកម្មាធិការជាតិអូឡាំពិកបានពង្រឹងការហ្វឹកហាត់ដល់កីឡាករកីឡាការិនីដែលត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលដៅធ្វើយ៉ាងណាជួយបង្កើនសមត្ថភាពពួកគាត់ ឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីដណ្តើមមេដាយមាសជូនជាតិ ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កម្ពុជាបានត្រៀមរួចរាល់ហើយ នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលក្នុងនោះមានដូចជាពហុកីឡដ្ឋានជាតិ មរតកតេជោត្រូវបានសាងសង់រួចជាស្ថាពរ និង កន្លែងជាច្រើនទៀតដែលត្រៀមរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ។ អ្វីដែលសំខាន់ជាងគេ គឺពង្រឹងការហ្វឹកហាត់ជាលក្ខណៈប្រមូលផ្តុំ ដើម្បីកសាងសមត្ថភាពរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ដែលត្រូវត្រៀមទទួល ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ខាងមុខ ដោយគ្រោងចំណាយថវិកាក្នុងការហ្វឹកហាត់ជាង២០លានដុល្លារ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជា ម្ចាស់ផ្ទះ កាលពីថ្ងែទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា បច្ចុប្បន្នយើងបានមូលមតិគ្នានៅក្នុង កិច្ចពិភាក្សា ស្តីពីបច្ចេកទេសទាំងអស់ ឱ្យរៀបចំការហ្វឹកហាត់បន្ត ក៏ដូចជាស្នើសុំឱ្យសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទាំងស្ថាប័នពាក់ព័ន្ធ មើលលទ្ធភាពនៃការប្រមូលផ្តុំឡើងវិញ ដើម្បីបង្កើនសមត្ថភាព កម្លាំងកាយ បច្ចេកទេសរបស់យើងឱ្យមានភាពស្មើមុខស្មើមាត់ទាំងកម្លាំងកាយ បច្ចេកទេស ក្នុងការប្រកួត ប្រជែងមេដាយ តាមគោលបំណងរបស់យើងដែលចង់បាន។

«អ៊ីចឹងដើម្បីឲ្យធនធានកីឡាកររបស់យើងមានសមត្ថភាពគឺវាពិបាកជាងយើងសង់សំណង់ពិបាកជាងហេដ្ឋារចនាសម្ព័ន្ធទៀត កាលមុនយើងខ្វល់ពីហេដ្ឋារចនាសម្ព័ន្ធដោយសារយើងអត់មានស្តាតថ្មី ប៉ុន្តែឥឡូវនេះយើងមានហើយ ឥឡូវដែលយើង សំខាន់ជាងគេគឺការអភិវឌ្ឍន៍កីឡាកររួមទាំងមន្ត្រីកីឡា ហើយកីឡាករកីឡាការិនីជាមនុស្សពិបាកក្នុងការដាក់ទិសដៅ ឱ្យគាត់ទៅ រកគុណភាពបានភ្លាមៗ វាត្រូវការពេលវេលា ហើយវាត្រូវការជំនាញ បើមានលុយអត់មានពេលវេលាក៏អភិវឌ្ឍមនុស្សអត់បានដែរ ជាពិសេសកីឡាករ កីឡាការិនីនេះតែម្តង»។សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃរៀបចំពិធីបើកការប្រកួត ខណៈពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់មកកម្ពុជានឹងបន្ដរៀបចំព្រឹត្តិការណ៍ដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹង ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣

Click to comment

Leave a Reply

Your email address will not be published.

Facebook