Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញប្រមូលយកគំរូសំណាកស្រាសរុប​ ៧៣គំរូ មកធ្វើការវិភាគ បន្ទាប់ពីមនុស្ស ៧នាក់បានពុលស្លាប់

ខេត្តកំពង់ឆ្នាំង៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បា​នប្រមូល និងដកយកគំរូសំណាកស្រាសរុប​ចំនួន ៧៣គំរូ មកធ្វើការវិភាគ​នៅមន្ទីរពិសោធន៍ ក្នុងនោះ​គំរូសំណាក ៥គំរូ​នៃ​​ស្រាចំនួន ១៦គំរូ មាន​មេតាណុល​កម្រិតខ្ពស់ចាប់ពី ១០,៥ភាគរយ រហូតដល់ ១៧,២៥ ភាគ​រយ ខណៈស្រា ៥៥គំរូ​ផ្សេ​​ងទៀតកំពុងធ្វើការវិភាគបន្ត។

ការធ្វើពិសោធន៍នេះ បន្ទាប់ពីមាន​ករណីពុលស្រា ដោយគិ​តត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ​មានមនុស្ស​សរុបចំនួន ១៣​១ នា​ក់បាននិងកំពុងព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុង​នោះ​ស្លាប់ចំនួន ៧នាក់ ស្រុកទឹក​ផុស ខេត្តកំពង់ឆ្នាំង។

​មន្ត្រីជំនាញថា ​មន្ត្រី​អគ្គនាយ​ក​ដ្ឋាន​ការ​ពា​រ​អ្ន​កប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បាន​សហ​ការ​ជាមួ​យ​ក​ម្លាំ​ង​នគរ​បាល​ខេ​ត្ត​កំពង់ឆ្នាំង ​សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដោយមានកិច្ចដឹកនាំសម្រប​សម្រួលពី​លោក​ព្រះ​រាជ​អា​ជ្ញា​រងខេត្ត​កំព​ង់ឆ្នាំង បានចុះប្រតិបត្តិការត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេតនៅទីតាំងកើតហេតុ ស្ថិតក្នុងភូមិជីប៉្រង ឃុំ​ជៀប ស្រុក​ទឹក​ផុស ខេត្តកំពង់ឆ្នាំង និងសិប្បកម្មផលិតស្រាចំនួន ៨កន្លែង ដែ​ល ៣​កន្លែងស្ថិតក្នុងស្រុកទឹកផុស និង ៥កន្លែង​​ទៀត​នៅ​ក្នុ​ងស្រុកកំពង់ត្រឡាចកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

មន្រ្តីបន្តថា ប្រតិបត្តិការសិក្សាស្រាវជ្រាវសាវតា​ពាក់ព័ន្ធនឹងការពុ​លនេះមន្ត្រីជំនាញបានប្រមូល និងដកយកគំរូ​សំណាក​ស្រា​​ស​រុប​ចំនួន ៧៣គំរូ មកធ្វើការវិភាគ​នៅមន្ទីរពិសោធន៍​។ លទ្ធផលនៃការធ្វើតេស្តគំរូសំណាក ៥គំរូនៃស្រាចំនួន ១៦គំរូ ដែលទទួលបានពី​ស្នងការដ្ឋាននគរ​បាល​ខេ​ត្ត មានវត្តមានមេតាណុលក្នុងកម្រិតខ្ពស់ចាប់ពី ១០,៥ភាគរយ រហូតដល់ ១៧,២៥ ភាគ​រយ លើសកម្រិតអនុញ្ញាតដែល​ឱ្យ​​ខ្ពស់​បំផុតត្រឹមតែ ០,១៥ភាគរយប៉ុណ្ណោះ។

ដោយឡែក ៥៥គំរូដែលដកហូតពីសិប្បកម្មចំនួន ៨កន្លែងផ្សេងគ្នា កំពុងធ្វើការវិភាគបន្ត។ តាមរយៈលទ្ធ​ផលខាងលើ និង​ផ្អែ​ក​​លើ​ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ មន្ត្រីជំនាញ​បញ្ជាក់ថា គំរូស្រាចំនួន ៥ ក្នុងចំណោមគំរូស្រា​ចំនួន ១៦​ខា​ង​​លើ​មាន​កម្រិតមេតាណុលលើសពី ១០ក្រាម ក្នុង១០០មីលីលីត្រស្រា ដែលមានន័យថា ក្មេងជំទង់អាចពុលស្លាប់បាន ប្រ​សិន​បើ​ទទួលទានចាប់ពី ១០០មីលីលីត្រឡើងទៅ និងមនុស្សពេញវ័យអាចពុលស្លាប់បាន ប្រសិនបើ​ទទួល​ទាន​ចាប់ពី ៣០០​មីលីលីត្រឡើង។

​មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អំពាវនាវឱ្យប្រ​ជាពល​រដ្ឋ​ទាំ​​ងអស់បញ្ឈប់ការទទួលទានស្រាដែលមិនមានស្លាកសញ្ញា​ត្រឹម​ត្រូវ មិនមានប្រភពច្បាស់លាស់ និងមាន​តម្លៃ​ទាប​ហួ​ស​ហេ​តុ ដែ​លអា​ចជាហានិភ័យបង្កគ្រោះថ្នាក់ និងមិនមានការទទួលខុសត្រូវ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook