Connect with us

កងកម្លាំងប្រដាប់អាវុធ

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ទទួលបានថវិកាពីសប្បុរជននានាជាង ៤ម៉ឺនដុល្លារ និង ជិត៨០ លានរៀល

ខេត្តមណ្ឌលគិរី៖ ថវិកាជាង ៤ម៉ឺនដុល្លារ និងប្រាក់រៀលជិត ៨០លានរៀល ត្រូវបានសប្បុរជននានា ចូលរួមបរិច្ចាគគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាឱកាសពិធីអបអរខួបលើកទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ” ទាំងអស់គ្នារួមជាកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហានានា និងបន្តពង្រឹងភាពធន់សហគមន៍ ” ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិកាសាខា អនុសាខាក្រុង/ស្រុក និងប្រជាពលរដ្ឋ អាជីវករជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីរួមខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ថង សាវុន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំយកប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចមានសេចក្តីនឹករឭកដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រ ខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា ការវិវត្តន៍និងការរីកចម្រើនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដំណើរការទៅបានក៏អាស្រ័យដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់កណ្តាល និងមានការជួយជ្រោមជ្រែងពីបណ្តាសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ឯកឧត្តម បញ្ជាក់ថា ប្រការទាំងនេះបានរំលេចនូវបញ្ហាជាច្រើន ដែលប្រជាជនមិនអាចប្រឈមមុខដោះស្រាយបាន ហើយចាំបាច់ត្រូវការជំនួយសង្គ្រោះបន្ទាន់ ក្នុងក្របខ័ណ្ឌមនុស្សធម៌ទាំងផ្នែកសម្ភារ និងស្មារតី ដើម្បីឲ្យពួកគេមានលទ្ធភាពបន្តការរស់នៅទៅមុខទៀតបាន ក្នុងនាមមនុស្សជាតិដែលក្នុងជីវភាពសមរម្យនិងថ្លៃថ្នូរ នៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តម បន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ស៊ីជម្រៅ ហើយបានឯកភាពជាសកល ក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ហើយបានណែនាំនិងដាក់ទិសដល់សាខាកាកបាទក្រហមកម្ពុជាទាំង២៥សាខារាជធានីខេត្ត ដើម្បីរំឭកខួបទី១៥៩ កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភានេះឡើង ដោយបានជ្រើសរើសយកប្រធានបទថ្មី គឺទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា នឹងបន្តពង្រឹងភាពធន់សហគមន៍។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ថវិកាដែលសប្បុរជននានា ជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តនាពេលនេះ សរុបជាប្រាក់ដុល្លារចំនួន ៤៥.៩៧៥ដុល្លារ និងប្រាក់រៀលចំនួន ៨៧.៧៤៧.២២២រៀល។ នាឳកាសនោះ ឯកឧត្តម សំដែងនូវការកោតសរសើរ និងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារផ្សេងៗ ហើយនឹងកំពុងបន្តជួយជាបន្តបន្ទាប់ទៀត។

លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា ឆ្លើយតបទៅនឹងការងារមនុស្សធម៌នេះ ក្នុងឆ្នាំកន្លងមក សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី បាននាំយកនូវទេយ្យទាន និងបច្ច័យ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន៣០វត្តទូទាំងខេត្ត។ ប្រគល់ជូនផ្ទះមនុស្សធម៌កាកបាទក្រហមកម្ពុជា ចំនួន៤ខ្នង ជូនដល់ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន។ សាងសង់អណ្តូងទឹកស្អាត និងជួលជុលអណ្តូងទឹកស្អាតជាច្រើនព្រមទាំង បានចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងបានអប់រំផ្សព្វផ្សាយការយល់ដឹងពីសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារបានជាច្រើនលើកផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook