Connect with us

ព័ត៌មានជាតិ

​សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីអញ្ជើញទៅដឹកនាំ​កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅព្រឹកថ្ងៃទី១០ខែឧសភា

Soeun 09 May 2022    ភ្នំពេញ៖        តាមកម្មវិធី ដែលបានគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន នឹង​អញ្ជើញទៅដឹកនាំ​កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ ពោលគឺ​បន្ទាប់ពី​សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំ​បុណ្យ​ និងបញ្ចុះសពបងប្រុសរបស់សម្តេច តែមួយថ្ងៃប៉ុណ្ណោះ។​

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស​កម្ពុជា ក្នុងនាមជា​ប្រធានអាស៊ាន​ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បង្ហាញ​​ថា សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំ​កិច្ចប្រជុំ​កំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងទឹកដីអាមេរិក ​នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បី​អបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។ កិច្ចប្រជុំ​កំពូលពិសេស​នេះ គឺជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦។​

សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ថា  ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពី​មធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន ​រួមមាន ការឆ្លើយតបនឹង​ជំងឺកូវីដ-១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរបញ្ហាអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំអាស៊ាន និង​សហរដ្ឋអាមេរិក ​នឹងផ្លាស់ប្តូយោបល់គ្នាទៅវិញទៅមក អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។

លើសពីនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និង​សហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ បន្ថែមពីនេះ នឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជន​អាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក  ដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នា​ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។

សូមរម្លឹកថា ពីមុន កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក គ្រោងធ្វើឡើង កាលពីថ្ងៃទី២៨-២៩ ខែ​មីនា ប៉ុន្តែ​​ត្រូវបានលើកពេល ដោយសារតែថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ានមួយចំនួន ជាប់រវល់ មិនអាច​អញ្ជើញ​ទៅប្រជុំដោយផ្ទាល់នៅសហរដ្ឋអាមេរិក​បានឡើយ​៕

Picture
Picture

Click to comment

Leave a Reply

Your email address will not be published.

Facebook