Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ យុវជន និង​កីឡា នៅតែ​រក្សា​គុណភាព​នៃ​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០២០​នេះ ដូច​ឆ្នាំមុន

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅតែ​រក្សា​គុណភាព​នៃ​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០២០​នេះ ដូច​ឆ្នាំមុន គឺ “​អ្នកចេះ​គឺជា​ប់​“​ដើម្បី​កសាង​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ពិតប្រាកដ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​ឱ្យ​កាន់តែ​រីកចម្រើន​។​

​លោក រស់ សុ​វាចា អ្នកនាំពាក្យ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា ក្រសួង​អប់រំ នៅតែ​រក្សា​លំនាំ​ដើម ទាំង​បច្ចេកទេស និង​នីតិវិធី​សម្រាប់​ការរៀបចំ​ការប្រឡង​បាក់​ឌុប គឺ «អ្នកចេះ​គឺជា​ប់»​ ។ ប៉ុន្តែ​ក្នុងពេល​ប្រឡង ត្រូវអនុវត្ត វិធានការ​សុវត្ថិភាព​សុខភាព តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល សម្រាប់​ចូលរួម​គ្រប់គ្រង បង្ការ និង​ទប់ស្កាត់​ការ រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​ “​គុណភាព​នៃ​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០២០​នេះ នៅ​រក្សា​ដូច​ឆ្នាំមុន ដោយសារ​ក្រសួង​អប់រំ យុវជន និង​កីឡា​បន្ត​អនុវត្ត​គោលការណ៍​ធំៗ​បួន​គឺ ៖ គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន ដើម្បី​រក្សា​គុណភាព​ប្រឡង​ជូន​ដល់​សិស្សានុសិស្ស និង​បេក្ខជន​ប្រឡង​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ឱ្យដឹងថា អាជ្ញាធរខេត្ត បានចាប់ផ្តើម​រៀបចំ​ចាត់វិធានការ បង្ការ និង ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នាពេលខាងមុខ ដើម្បី​ធានាបាន សុខុមាលភាព​របស់​សិ​ស្សានុសិស្ស​ដែល​ចូលរួម​ប្រឡង​ទាំងអស់ ជាពិសេស​ទប់ស្កាត់​ការចម្លង​ចូល​សហគមន៍ ។​

​លោក​បញ្ជាក់ថា ក្រសួង​អប់រំ បាន​បន្ត​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រក្សា​គុណភាព​ប្រឡង​បាក់​ឌុប​នេះ ជាមួយ​ក្រសួងមហាផ្ទៃ​ដោយ​បន្ត​ផ្តល់​កិច្ចសហការ​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន បន្ត​ចូលរួម​រក្សា​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ គ្រប់​ដំណាក់កាល​នៃ​ការប្រឡង អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ត​ចូលរួម​ត្រួតពិនិត្យ​គ្រប់​ដំណាក់កាល​នៃ​ការប្រឡង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចូលរួម​បង្រៀន​បំប៉នបន្ថែម និង​ក្រសួងសុខាភិបាល ផ្តល់​កិច្ចសហការ​តាមរយៈ​ការផ្តល់ មន្ត្រី​សុខាភិបាល​នៅតាម​មូលដ្ឋាន ដូច​ឆ្នាំមុនៗ​ដែរ​។​

​តាម​ផែនការ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ មន្ទីរ​សុខាភិបាល​ខេត្ត​នឹង​បាញ់ថ្នាំ​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​គ្រប់​មណ្ឌល​ប្រឡង ទាំងអស់ ។ ថ្ងៃទី​២០ ខែធ្នូ នឹងមាន​ការ​វាស់​កម្តៅ​និង​ចែក​ម៉ាស់​ជូន​ដល់​បេក្ខជន​ដែល​មក​ពិនិត្យ​ឈ្មោះ​ប្រឡង​គ្រប់​មណ្ឌល ។ នៅ​ថ្ងៃទី​២១​ដល់​២២ ខែធ្នូ ឆ្នាំ​២០២០ មានការ​វាស់​កម្តៅ​និង​ចែក​ម៉ាស់​ជូន​ដល់​បេក្ខជន​និង​គណៈកម្មការ​ទាំងអស់ ។ ការ​វាស់​កម្តៅ​គឺ​ត្រូវធ្វើឡើង​ចំនួន​២​លើក ពេលព្រឹក​មួយ​លើក​និង​ពេល​រសៀល​មួយ​លើក ។ បន្ទាប់ពី​វាស់​កម្តៅ​រួច បេក្ខជន​ដែល​មិនមាន​ភាព​សង្ស័យ​គឺ​បិទ​ស្ទិ​ក​គ័​រ​ចំណាំ រួច​អនុញ្ញាត​ឱ្យចូល​មណ្ឌល​ប្រឡង ។ តែបើ​បេក្ខជន​មាន​កម្តៅ ចាប់ពី​៣៧.៥​អង្សា​សេ​ឡើង ត្រូវ​រៀបចំ​ទុក​នៅ​ដោយឡែក​រង់ចាំ​ការពិនិត្យ​ដោយ​ក្រុមគ្រូពេទ្យ​ប្រចាំ​មណ្ឌល​ពិនិត្យ​សាជាថ្មី និង​សុំ​អនុសាសន៍​ណែនាំ​ពី​ថ្នាក់លើ​។​គ្រប់​មណ្ឌល​ប្រឡង​ត្រូវដាក់​អាកុល​សម្រាប់​បេក្ខជន និង​គណៈកម្មការ​នានា​ប្រើប្រាស់ ។ សម្រាប់​គ្រប់​បន្ទប់ទឹក​ក៏ត្រូវ​មាន​ដាក់​សាប៊ូ ផងដែរ​។​ ​សូមបញ្ជាក់ថា សម័យ​ប្រឡង សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២០​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១-២២ ខែធ្នូ ខាងមុខនេះ​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook