Connect with us

កងកម្លាំងប្រដាប់អាវុធ

ខេត្តប៉ៃលិនចាប់ផ្តើមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការ សាងសង់វិមានឈ្នះឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការ ដ្ឋាន សាងសង់ស្តូប អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ខែឧសភា ឆ្នាំ ២០២១។

ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគ នាយទាហាន នៅក្នុងក្រសួង ការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ ប្រជាពលរដ្ឋ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ។ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាននាពេលនោះ បានប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីក្រុងពាលី សុំម្ចាស់ទឹក ម្ចាស់ដី ដែលក្នុងនេះ មានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយក រងទី៣ និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាព្រះអនុប្រធាន និងជាអគ្គលេខាធិការ ថេរសភា នៃព្រះរាជាណា ចក្រកម្ពុជា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ដំណើរការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ នេះ ឲ្យសំរេចបានលទ្ធផលល្អ។

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋទំាងអស់ មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមាន ឱកាស អភិវឌ្ឍន៍លើគ្រប់វិស័យ ហើយជាក់ស្តែង ក្រោមម្លប់សន្តិភាពនេះ បានធ្វើឲ្យខេត្តប៉ៃលិន មានឱកាសអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត អរូបវ័ន្ត និងការវិនិយោគ គួរឲ្យកត់សម្គាល់។លោកជំទាវអភិបាលខេត្តបញ្ជាក់ថា ជាមួយនឹងសមិទ្ធផលដ៏ថ្លៃថ្លា ដែលខេត្តប៉ៃលិន ទទួលបានក្នុងពេលកន្លងមក ថ្ងៃនេះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងមូលទូទាំងខេត្តប៉ៃលិន មានសេចក្តីរំភើបសប្បាយរីករាយ និងពោរពេញដោយមោទនភាពជាទីបំផុត ដោយខេត្តនឹងទទួលបានសមិទ្ធផលដ៏ថ្លៃថ្លា ជាប្រវត្តិសាស្ត្រ មិនអាចកាត់ថ្លៃបាន មួយបន្ថែមទៀត គឺស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ។

បើតាមរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈ កម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន បានឲ្យដឹងថា៖ យោងតាមអនុសាសន៏ណែនាំ ផ្ទាល់ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចពិជ័យសេនា អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍ បានរៀបចំសេណារីយូក្រុមការងារ សម្រាប់សេនាធិការ ចំនួន ៤ក្រុម មានក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេស ក្រុមការងារខ្លឹមសារ និងក្រុម ការងារធានា ហើយស្តូបឈ្នះ ឈ្នះ ខេត្តប៉ៃលិននេះ មានទីតាំងស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ស្តូបមានទំហំ បាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកម្ពស់ ៥០ម៉ែត្រចុច៩ សាងសង់លើផ្ទៃដីទំហំ ២៦០០០ម៉ែត្រការ៉េ ជាអំណោយផ្ទាល់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត។ ចំណែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ រំព្ញកឡើងវិញអំពីព្រឹត្តិការណ៍ជាក់ស្តែងមួយចំនួន ដែលកម្ពុជា បានជួបប្រទះ ក្នុងការឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម ដែលបង្កការឈឺចាប់ខ្លោចផ្សា មិនអាចថ្លែងបាន ចំពោះប្រជាជនកម្ពុជាទាំងមូល ហើយនៅបន្សល់ ទុកនូវស្លាកស្នាមមិនទាន់រលុបអស់នៅឡើយ​មកដល់ពេលបច្ចុប្បន្ននេះ ដូច្នេះសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ បាននាំមកនូវ សន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ ហើយបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជន ពីជីវភាពក្រីក្រ មកជាប្រជាជន មានចំណូលកម្រិតមធ្យម។

សម្តេចពិជ័យសេនា បានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ ហេដ្ឋារចនាសម្ព័ន្ធស្ថាបត្យកម្ម ដែលនឹងត្រូវមាននៅ ស្តូបឈ្នះ ឈ្នះ ប៉ៃលិន ដែលបានសាងសង់នាពេលនេះ គឺអាចឱ្យគេយល់ដឹងកាន់តែច្បាស់អំពីវិមានឈ្នះ ឈ្នះ នៅភ្នំពេញ ដែលជាស្ថាបត្យកម្ម ដំបូងបង្អស់ជាប្រវត្តិសាស្ត្រមានលក្ខណៈ ជាសាធារណៈ និង វប្បធម៌ជាតិ ដូចនេះក្រុមការងារទទួលបន្ទុកការសាងសង់ស្តូបនេះ ត្រូវយកចិត្តទុកដាក់សាងសង់ឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដើម្បីធានាបានទាំងគុណភាព និងប្រសិទ្ធភាពសំណង់នេះ ឲ្យបានរឹងមាំ ស្ថិតស្ថេររាប់រយឆ្នាំ។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រគល់ប័ណ្ឌសរសើរ និងទទួលនូវថវិកា ជួយឧបត្ថមពីសប្បុរសជននានា ដែលបានចូលរួមថវិកាជួយសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នេះ។បន្ទាប់មកសម្តេចពិជ័យសេនាព្រមទាំងគណៈអធិបតីទាំងអស់បាន អញ្ជើញចុចប៊ូតុងបើក ការដ្ឋានសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុងខេត្តប៉ៃលិន ចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថាការសាងសង់ស្តូបឈ្នះឈ្នះនៅក្រុងប៉ៃលិនខេត្តប៉ៃលិននេះគឺប្រើប្រាស់ថវិកាចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងធនធានថវិកា គំនិត ប្រាជ្ញា របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និងសិស្សនិស្សិត ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះ នឹងក្លាយទៅជាសំណង់ ប្រវត្តិសាស្រ្តរាប់រយឆ្នាំ ជាកេរមរតកក្នុងសម័យតេជោសែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។

Click to comment

Leave a Reply

Your email address will not be published.

Facebook