អ្នកសិក្សាស្រាវជ្រាវនៅប្រទេសកម្ពុជាបានគាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្តេជ្ញា ធ្វើកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ក្នុងការអនុវត្ត គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល និង គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល ដែលជាគំនិតផ្តួចផ្តើម របស់ប្រធានរដ្ឋចិន Xi Jinping។
ភាគីចិនរីករាយរួមជាមួយអាស៊ាន ដើម្បីជំរុញគំនិតផ្តួចផ្តើមទាំង២នេះ ឱ្យទទួលបានអនុវត្ត ក្នុងតំបន់ ក្នុង ន័យគាំពារសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់។ ភាគីកម្ពុជាសម្គាល់ថា គំនិតផ្តួចផ្តើម ទាំងនេះ មានអត្ថន័យសំខាន់ រីករាយធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីចិន។ ប្រទេសទាំង២ កំពុងខិត ខំប្រឹងប្រែងកសាងសហគមន៍វាសនារួម ហើយជឿជាក់ថា នឹងទទួលបាន សមិទ្ធផលកាន់តែ ធំជាមិនខាន នេះបើយោងតាមខ្លឹមសារនៃជំនួបតាមប្រព័ន្ធវីដេអូ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបាន ជួបសន្ទនាតាម ប្រព័ន្ធវីដេអូ ជាមួយឯកឧត្តម Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន កាលពីពេលថ្មីៗនេះ។

ថ្លែងប្រាប់សារព័ត៌មានកម្ពុជាសន្តិភាព តាមទូរទស័ព្ទ នាថ្ងៃទី១០ ឧសភានេះឆ្នាំ២០២២ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ជំហររបស់កម្ពុជាបែប នេះគឺជារឿងមួយដ៏ត្រឹមត្រូវ ដើម្បីជំរុញវឌ្ឍនភាព ក្នុងតំបន់និងពិភពលោក ជាពិសេស តំបន់អាស៊ាន ហើយ សន្តិភាពគឺជាចំណុចដ៏សំខាន់ សម្រាប់ការអភិវឌ្ឍរួមគ្នា ដូច្នេះ នេះគឺជាការផ្តល់តម្លៃ សន្តិភាព និងការ អភិវឌ្ឍ ក្នុងនាមកម្ពុជាជាប្រទេសស្រលាញ់សន្តិភាព ជាពិសេស ជាប្រធានអាស៊ាន ឆ្នាំ២០២២។ ការគាំទ្រ របស់ កម្ពុជា នេះគឺជាគន្លងដ៏ត្រឹមត្រូវ ដើម្បីសណ្តាប់ធ្នាប់និងប្រព័ន្ធអន្តរជាតិ ដែលគាំទ្រ ដោយធម្មនុញ្ញ របស់អង្គការសហប្រជាជាតិផងដែរ។
បើតាមលោកបណ្ឌិត គំនិតផ្តួចផ្តើមនេះគឺជាតម្រូវការជាក់ស្តែង និងចាំបាច់ សម្រាប់ពិភពលោកទាំងមូល ហើយចិនតែងតែចងស្ពានមេត្រីភាព ចិនបានចូលរួមចំណែកជាមួយអន្តរជាតិ ក្នុងការកសាង សហគមន៍ រួមនៃមនុស្សជាតិ។ ចិនក៏បាននិងកំពុងចូលរួមគំនិតផ្តួចផ្តើមនេះ គឺជាគំនិតដ៏ត្រឹមត្រូវ និងជាផ្លូវដ៏ជោគ ជ័យសម្រាប់ការកសាងសហគមន៍ជោគវាសនារួម។ អាស៊ានត្រូវតែសហការជិតស្និទ្ធជាមួយចិន ក្នុងការនុវត្តឲ្យបាននូវគំនិតផ្តួចផ្តើមទាំងពីរនេះ ដើម្បីពង្រីកទំហំអង្កត់ផ្ចិតនៃសន្តិភាព៕