Connect with us

ព័ត៌មានជាតិ

អភិបាលស្រុកល្វាឯម លើកទឹកចិត្តឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកកុំទាន់ប្រញាប់ប្រញាល់លក់ដីធ្លី ប្រសិនបើគ្មានតម្រូវការអ្វីចាំបាច់

ខេត្តកណ្ដាល៖ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានមានប្រសាសន៍លើកទឹកចិត្តឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកកុំទាន់ប្រញាប់ប្រញាល់លក់ដីធ្លី ប្រសិនបើគ្មានតម្រូវការអ្វីចាំបាច់ណាស់ណាទេនោះ។ ការផ្ដល់មតិយោបល់នេះ បានធ្វើឡើងក្នុងពេលលោកអភិបាលបានអញ្ជើញចូលរួមក្នុងពិធីប្រគេនទេយ្យទាន ផ្ដល់ជំនួយ និងអំណោយសប្បុរសធម៌ពីសំណាក់ឧត្តមសេនីយ៍ទោ គង់ ពិសិដ្ឋ និងភរិយា ព្រមទាំងសប្បុរសជន នៅភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល នៅពីថ្ងៃទី១០ ខែឧសភានេះ។

ថ្លែងទៅកាន់តំណាងគ្រួសារប្រជាពលរដ្ឋជាង៣០០គ្រួសារនាឱកាសនោះ លោក កន សុខកាយ បានគូសបញ្ជាក់ថាស្រុកល្វាឯមដែលបានឆ្លងកាត់សន្ទុះនៃការអភិវឌ្ឍមួយជំហ៊ានធំរួចមកហើយនោះ នឹងបន្តពង្រីកសក្ដានុពលរីកចំរើនរបស់ខ្លួនថែមមួយកម្រិតទៀត ជាពិសេសនៅពេលដែលគម្រោងសាងសង់ស្ពានភ្ជាប់ទៅរាជធានីភ្នំពេញលេចចេញជារូបរាង ខណៈគម្រោងសង់ស្ពាននិងផ្លូវក្រវ៉ាត់ក្រុង និងគម្រោងសងសង់និងពង្រីកផ្លូវមួយចំនួនទៀតក្នុងស្រុកមួយនេះក៏កំពុងស្ថិតក្នុងដំណើរការជាវិជ្ជមានផងដែរ។

ភ្ជាប់នឹងពិធីប្រគេនទេយ្យទាន ផ្ដល់អំណោយ និងជំនួយសប្បុរសធម៌ដែលធ្វើឡើងនៅបរិវេណវត្តថ្មគរដែលមានការចូលរួមពីលោកអភិបាលស្រុកនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ គង់ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ និងភរិយា ព្រមទាំងសប្បុរសជន បានប្រគេននិងផ្ដល់ជូនរួមមានប្រគេនបច្ច័យ និងទេយ្យទានដល់វត្តចំនួន៣ រួមមានវត្តកោះរះ វត្តសំពោង និងវត្តថ្មគរដែលជាវត្តក្នុងភូមិកំណើត គិតជាថិវកាក្នុងមួយវត្តប្រមាណ២ពាន់ដុល្លាអាមេរិក។

ចំណែកប្រជាពលរដ្ឋ៣១៦ខ្នងផ្ទះក្នុងភូមិថ្មគរ ទទួលបានមី១កេស ត្រីខ១០កំប៉ុង ទឹកសុីអុីវ១យួរ អង្ករ២៥គីឡូក្រុម និងថវិកា២ម៉ឺនរៀល។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ និងភរិយាព្រមទាំងសហការីក៏បានផ្ដល់ជំនួយដល់ក្លឹបប្រដាល់នាគរាជ ចតុមុខ សរុបជាថវិកាប្រមាណ៧០០ដុល្លារ និងបានផ្ដល់ជូនអាជ្ញាធរភូមិឃុំចំនួន១លានរៀល ប៉ុស្តិ៍នគរបាលចំនួន៥០ម៉ឺនរៀល ប្រជាការពារចំនួន២០ម៉ឺនរៀល លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាថ្មគរសរុបចំនួន៤០ម៉ឺនរៀល សិស្សានុសិស្សសរុបជាង២លានរៀល និងបានជូនក្រុមការងាររៀបចំកម្មវិធីនូវថវិកាលើកទឹកចិត្ត និងចំណាយផ្សេងៗមួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ គង់ ពិសិដ្ឋ បានសម្ដែងក្ដីរីករាយនៅពេលឃើញភូមិកំណើតរបស់លោក និងភរិយានិយាយជារួម និងដោយឡែកស្រុកល្វាឯមទាំងមូលមានការរីកចំរើនយ៉ាងឆាប់រហ័សក្នុងរយៈកាលចុងក្រោយនេះ។

លោកឧត្តមសេនីយ៍ទោ ក៏បានគាំទ្រចំពោះការផ្ដល់យោបល់ពីលោកអភិបាលស្រុកដែលលើកទឹកចិត្តពលរដ្ឋកុំទាន់ប្រញាប់ប្រញាល់លក់ដីធ្លី និងក៏បានកោតសរសេរលោកអភិបាលស្រុកល្វាឯមដែលបានឡើងកាន់តំណែងជាអភិបាលនៃស្រុកកំណើតរបស់ខ្លួនជាមួយនឹងការខិតខំកៀគរនិងអភិវឌ្ឍន៍បានសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook