Connect with us

កងកម្លាំងប្រដាប់អាវុធ

គម្រោង កម្ពុជា ហាវេស II រយៈពេល ៥ ឆ្នាំ ជួយ វិស័យ ឯកជន ប្រមាណ $២៨ លាន និង បង្កើត ការងារ ជាង ២ ៥០០ កន្លែង

លោកស្រី  ណែន ស៊ី ជែ អ៊ីសលីក នាយិកា បេសកកម្ម ប្រចាំ ទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ ការអភិវឌ្ឍន៍ អន្តរជាតិ ថ្លែងក្នុងកិច្ចប្រជុំកាលពីម្សិលមិញ។គម្រោង កម្ពុជា ហាវេស  II រយៈពេល  ៥  ឆ្នាំ បាន ជួយ វិស័យ ឯកជន បង្កើន ទុន វិនិយោគ ប្រមាណ ជា  ២៨  លាន ដុល្លារ បង្កើត ការងារ ជាង  ២ ៥០០  កន្លែង ដែល គាំទ្រ ដល់ ការអភិវឌ្ឍ គោលនយោបាយ កសិកម្ម ចំនួន  ១៧ និង ជួយ គាំទ្រ អាជីវកម្ម និង អ្នក ផលិត ក្នុង វិស័យ សាកវប្បកម្ម បង្កើន ការលក់ បាន ជាង  ៧៥  លាន ដុល្លារ អាមេរិក ។ នេះ បើតាម សេចក្តី ប្រកាស ព័ត៌មាន របស់ USAID ។

គម្រោង កម្ពុជា ហាវេស  II រយៈពេល  ៥  ឆ្នាំនេះ បាន អនុវត្ត តាំងពី ឆ្នាំ  ២០១៧-២០២២ ដើម្បី ជំរុញ កំណើន វិស័យ សាកវប្បកម្ម នៅ ប្រទេស កម្ពុជា ដោយ ផ្តោតលើ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និង ខេត្ត កំពង់ធំ ព្រមទាំង បណ្តា ខេត្ត មួយចំនួនទៀត ។

គម្រោង នេះ ឧបត្ថម្ភ ថវិកា ដោយ គំនិត ផ្ដួចផ្ដើម សន្តិសុខ ស្បៀង សម្រាប់ អនាគត របស់ រដ្ឋាភិបាល សហរដ្ឋអាមេរិក តាមរយៈ ទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ ការអភិវឌ្ឍន៍ អន្តរជាតិ USAID ។  គម្រោង នេះ បាន បំពេញការងារ ជាមួយ រដ្ឋាភិបាល ជាពិសេស ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួង ពាណិជ្ជកម្ម ដៃគូ អភិវឌ្ឍន៍ ក្រុមហ៊ុន ឯកជន និង សហគមន៍ កសិកម្ម និង អ្នក ផលិត ដើម្បី ជំរុញ កំណើន វិស័យ សាកវប្បកម្ម ប្រកប ដោយ និរន្តរភាព ។

ដើម្បី ផ្សព្វផ្សាយ សមិទ្ធផល ដែល បានសម្រេច នាពេល កន្លងមក USAID និង ក្រសួង – កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមគ្នា ធ្វើការ សិក្សា នៅ ថ្ងៃទី  ១០ ឧសភា ឆ្នាំ  ២០២២ នៅ រាជធានី ភ្នំពេញ ស្តីពី គម្រោង ហាវេស  II  បញ្ចប់ សមិទ្ធផល រយៈពេល  ៥  ឆ្នាំ ភាពជោគជ័យ ក្នុង វិស័យ សាកវប្បកម្ម តាមរយៈ ភាពជា ដៃគូ ផលិតផល និង ទីផ្សារ ថ្មី ។

លោកស្រី  ណែន ស៊ី ជែ អ៊ីសលីក នាយិកា បេសកកម្ម ប្រចាំ ទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ ការអភិវឌ្ឍន៍ អន្តរជាតិ (USAID) ថ្លែងថា គម្រោង កម្ពុជា ហាវេស  II បានធ្វើការ ជា ដៃគូ ជាមួយ កសិអាជីវកម្ម អ្នក ផលិត និង សហការ ជាមួយ រាជរដ្ឋាភិបាល ដើម្បី កែច្នៃ ផលិតផល កសិកម្ម ថ្មី ចំនួន  ១៤០ សម្រាប់ ទីផ្សារ ក្នុងស្រុក  និង អន្តរជាតិ ។

លោកស្រី បញ្ជាក់ថា ៖ « យើង មាន មោទនភាព ចំពោះ គម្រោង នេះ ដែល យើង បាន ចូលរួមចំណែក ក្នុងការ កាត់បន្ថយ ភាពក្រីក្រ និង លើកកម្ពស់ កំណើនសេដ្ឋកិច្ច ប្រកបដោយ និរន្តរភាព នៅក្នុង ប្រទេស កម្ពុជា » ។លោក  ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ថ្លែង នា ថ្ងៃទី  ១១ ឧសភា ថា តាមរយៈ គម្រោង នេះ បង្ហាញ ឱ្យឃើញ នូវ លទ្ធផល វិជ្ជមាន ដែលជា ការរួមចំណែក មួយ របស់ រដ្ឋាភិបាល សហរដ្ឋ អាមេរិក ក្នុង ការជំរុញ កម្លាំង សេដ្ឋកិច្ច នៅ កម្ពុជា ។

លោក ថ្លែងថា ៖ « លទ្ធផល ដែល ទទួលបាន ពី គម្រោង – Harvest II ពិតជា ស្របតាម ផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ វិស័យ កសិកម្ម ឆ្នាំ  ២០១៩-២០២៣ និង ផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ អនុវិស័យ ដំណាំ នៅក្នុង ប្រទេស កម្ពុជា ឆ្នាំ  ២០៣០» ។លោក បាន បន្តថា ពិធី ដែល ប្រារព្ធ ឡើង នាពេលនេះ ក៏ ជា តឹកតាង ជាក់ច្បាស់ មួយ នៃ កិច្ចសហប្រតិបត្តិ ការល្អ រវាង ភាពជា ដៃគូ រដ្ឋ ឯកជន សហគមន៍ កសិកម្ម អង្គការ ក្រៅ រដ្ឋាភិបាល ក្នុង ការបន្ត លើកកម្ពស់ និង ជំរុញ កំណើន ខ្សែចង្វាក់ តម្លៃ សាកវប្បកម្ម កម្ពុជា ឱ្យ កាន់ តែមាន សម្ទុះ កើនឡើង គួរឱ្យ កត់សម្គាល់ ។

លោក ថា ក្រសួង កសិកម្ម នឹង បន្ត កិច្ចខិតខំ ប្រឹងប្រែង បន្ថែមទៀត ក្នុង ស្មារតី សហការ ស្អិតល្មួត ជាមួយ អ្នកពាក់ព័ន្ធ ទាំងអស់ ក្នុង គ្រប់ ខ្សែចង្វាក់ តម្លៃ ដើម្បី ជម្នះ នូវ រាល់ បញ្ហា ប្រឈម ទាំងឡាយ សំដៅ អភិវឌ្ឍ វិស័យ កសិកម្ម កម្ពុជា ។ ជាពិសេស វិស័យ សាកវប្បកម្ម និង ដំណាំ បន្លែ កម្ពុជា ប្រកប ដោយ ផលិតភាព ខ្ពស់ និង ប្រសិទ្ធភាព ។

USAID បានឱ្យ ដឹងថា ដើម្បី ជំរុញ កំណើន វិស័យ សាកវប្បកម្ម នៅ ប្រទេស កម្ពុជា ក្នុង ការចាប់ យក ឱកាស ទាំងនេះ គម្រោង ហាវេស  II ធ្វើការ ជាមួយ អ្នកទិញ អ្នក ផលិត និង តួអង្គ ទីផ្សារ ដទៃទៀត ដើម្បី ពង្រឹង គុណភាព បង្កើន សមត្ថភាព និង បង្កើន តម្លៃបន្ថែម ទៅដល់ ខ្សែចង្វាក់ តម្លៃ សាកវប្បកម្ម ។តាមរយៈ គម្រោង ហាវេស  II USAID បន្ត គាំទ្រ ដល់ វិស័យ បន្លែ ឈើ ហូប ផ្លែ និង ស្វាយចន្ទី ដោយ ជំរុញ  និង ពង្រឹង ឱកាស សេដ្ឋកិច្ច ឱ្យមាន និរន្តរភាព ក្នុង ប្រព័ន្ធ ទីផ្សារ ប្រកបដោយ បរិយាប័ន្ន ។

គម្រោង ហាវេស  II ប្រើប្រាស់ វិធីសាស្ត្រ ផ្អែកលើ តម្រូវការ អ្នកទិញ និង ការអភិវឌ្ឍ ប្រព័ន្ធ ទីផ្សារ ។ វិធីសាស្ត្រ នេះ ផ្តោត យក អ្នកទិញ ផលិតផល សាកវប្បកម្ម ជា ចំណុច ចាប់ផ្ដើម ហើយ ធ្វើការ រួមគ្នា ជាមួយ កសិករ ក្រុមហ៊ុន និង ដៃគូ ផ្សេងទៀត ។ គម្រោង ហាវេស  II សម្របសម្រួល  និង ពង្រឹង ភាពជា ដៃគូ រវាង អ្នកទិញ  និង អ្នក ផ្គត់ផ្គង់ ដោយ ភ្ជាប់ ជាមួយ តួអង្គ ទីផ្សារ ដទៃទៀត ដើម្បី កំណត់ បញ្ហា និង ស្វែងរក ដំណោះស្រាយ ជា ប្រព័ន្ធ ក្នុង វិស័យ សាកវប្បកម្ម ។

គម្រោង ហាវេស  II មាន គោលបំណង  ៣  សំខាន់ៗ គឺ ទី  ១ បង្កើន លទ្ធភាព ក្នុងការ ចូលរួម ទីផ្សារ ដោយ ធ្វើការ ជាមួយ អ្នកផ្តល់ សេវាកម្ម ក្នុង វិស័យ ឯកជន ដើម្បី បង្កើន សមត្ថភាព ផ្នែក ហិរញ្ញវត្ថុ  និង អាជីវកម្ម ជំរុញ ការប្រើប្រាស់ ព័ត៌មាន បច្ចេកទេស និង ទីផ្សារ និង ពង្រឹង ខ្សែចង្វាក់ ផ្គត់ផ្គង់ ព្រមទាំង ពង្រីក ឱកាស ទទួលបាន ហិរញ្ញវត្ថុ សម្រាប់ ដៃគូ ពាណិជ្ជកម្ម ក្នុង គម្រោង ។

ទី  ២ លើកកម្ពស់ ទំនាក់ទំនង ទីផ្សារ ដោយ ធ្វើការ ជាមួយ អ្នកទិញ និង អ្នក ផលិត ដើម្បី បង្កើត ទំនុកចិត្ត និង បង្កើត ដៃគូ ពាណិជ្ជកម្ម ដែល អាច ផ្ដល់ ផលចំណេញ ឱ្យ គ្នា ទៅវិញ ទៅមក ។ ទី  ៣ កែលម្អ អភិបាលកិច្ច និង សម្រួល ធុរកិច្ច ដោយ ធ្វើការ ជា ដៃគូ ជាមួយ រាជរដ្ឋាភិបាល វិស័យ ឯកជន  និង សង្គម ស៊ីវិល ដើម្បី ពង្រឹង ឱកាស សម្រាប់ ការស្វែងរក ការគាំទ្រ និង ការសន្ទនា រវាង វិស័យ សាធារណៈ និង ឯកជន ដើម្បី ជួយ រដ្ឋាភិបាល ដោះស្រាយ ឧបសគ្គ របស់ ភាគី ពាក់ព័ន្ធ និង ជំរុញ កំណើន វិស័យ សាកវប្បកម្ម ប្រកប ដោយ បរិយាប័ន្ន ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook